ទំនុកតម្កើង 101
101
ពាក្យសន្យារបស់ព្រះរាជា
ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1ទូលបង្គំនឹងច្រៀងរៀបរាប់អំពី
ព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌
ព្រះអម្ចាស់អើយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។
2ទូលបង្គំនឹងយកចិត្តទុកដាក់
អំពីមាគ៌ាដ៏ទៀងត្រង់។
តើដល់ពេលណាទើបព្រះអង្គ
យាងមករកទូលបង្គំ?
ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ
ដោយកាន់ចិត្តទៀងត្រង់។
3ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់
ណាមួយជាដាច់ខាត
ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា
របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ
គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ
នឹងអាកប្បកិរិយាបែបនេះទេ។
4ទូលបង្គំមិនទុកឲ្យមនុស្ស
ដែលមានចិត្តវៀចវេរ
ចូលជិតទូលបង្គំបានឡើយ
ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ
ដែលអាក្រក់ដែរ។
5ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់
ពីក្រោយខ្នងបងប្អូនរបស់ខ្លួន
ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នក
ដែលវាយឫកខ្ពស់
ហើយមានចិត្តអួតបំប៉ោងនោះឡើយ។
6ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត
ស្មោះត្រង់នៅក្នុងស្រុក
ដើម្បីរស់នៅជាមួយទូលបង្គំ
ហើយនរណាដើរតាមមាគ៌ាទៀងត្រង់
ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។
7រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាត
ឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយ
ហើយអ្នកនិយាយកុហក
ក៏មិនអាចនៅជិតទូលបង្គំបានដែរ។
8រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់
ទាំងប៉ុន្មាននៅក្នុងស្រុក
ទូលបង្គំដកពួកទុច្ចរិត
ចេញពីទីក្រុងរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 101: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.