ជនគណនា 27:12-23

ជនគណនា 27:12-23 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។ ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង‌តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។ ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។ យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម* ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ លោក​ដាក់​ដៃ​លើ​លោក​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។