ជនគណនា 27:1-11

ជនគណនា 27:1-11 គខប

ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ‌ទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​នាង​ពោល​ថា៖ «ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណ‌ភាព នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។ មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។ អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​ឪពុក​គាត់។ ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មត៌ក​នេះ”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​អនុវត្ត​តាម​គោល‌ការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ