ជនគណនា 13
13
លោកម៉ូសេចាត់អ្នកស៊ើបការណ៍ដប់ពីរនាក់ទៅស្រុកកាណាន
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។
3លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល 4ដែលមានរាយនាមដូចតទៅ: កុលសម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនរបស់លោកសាគើរ។
5កុលសម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនរបស់លោកហូរី។
6កុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូនេ។
7កុលសម្ព័ន្ធអ៊ីសាខារ គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។
8កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។
9កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។
10កុលសម្ព័ន្ធសាប់យូឡូន គឺលោកកាឌាល ជាកូនរបស់លោកសូឌី។
11កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនចៅលោកយ៉ូសែប គឺលោកកាឌី ជាកូនរបស់លោកស៊ូស៊ី។
12កុលសម្ព័ន្ធដាន់ គឺលោកអាំមាល ជាកូនរបស់លោកកេម៉ាលី។
13កុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនរបស់លោកមីកែល។
14កុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនរបស់លោកវ៉ូបស៊ី។
15កុលសម្ព័ន្ធកាដ គឺលោកកេអួល ជាកូនរបស់លោកម៉ាគី។
16នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថា យ៉ូស្វេ ។
17លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ 18ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។ 19តើស្រុកដែលពួកគេរស់នៅនោះ ល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។ 20ចំណែកឯទឹកដីវិញ តើមានជីជាតិល្អ ឬក៏ជាដីគ្មានជីជាតិ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំ។
21ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។ 22ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីប។ 23ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។ 24គេបានដាក់ឈ្មោះកន្លែងនោះថា «ជ្រលងភ្នំអែសកុល» ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
25ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។ 26ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ 27ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយ មែន សូមមើលផ្លែឈើទាំងនេះចុះ!។ 28ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សម្បើម។ 29ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។
30ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្ដើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជម្នះមិនខាន!»។ 31ក៏ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោក នាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។ 32ពួកគេនាំគ្នានិយាយបង្ខូចស្រុក ដែលពួកគេបានទៅសង្កេតមើលនោះប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួកយើងបានឃើញអស់អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។ 33 យើងក៏បានឃើញមនុស្សមានមាឌធំសម្បើម ជាកូនចៅលោកអណាក់ គឺពូជមនុស្សដែលមានមាឌយ៉ាងធំសម្បើម។ បើធៀបទៅនឹងពួកគេ ពួកយើងប្រៀបបីដូចជាកណ្ដូប ហើយពួកគេចាត់ទុកយើងដូចសត្វកណ្ដូប»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.