ជនគណនា 12
12
អ្នកស្រីម៉ារាម និងលោកអើរ៉ុន នាំគ្នារអ៊ូរទាំ អ្នកស្រីម៉ារាមកើតឃ្លង់
1អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ 2អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។ 3លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
4រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ 5ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។ 6ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សម្តែងឲ្យព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។ 7 ចំណែកឯម៉ូសេ ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។ 8យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្តែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។
9 ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។ 10ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។ 11លោកក៏ពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកប្អូនជាម្ចាស់ មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប! 12សូមកុំឲ្យម៉ារាមដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។ 13លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងម៉ារាមឲ្យជាឡើងវិញផង!»។ 14 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្ដោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្ដេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។ 15គេឲ្យអ្នកស្រីម៉ារាមនៅខាងក្រៅជំរំ អស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់អ្នកស្រីម៉ារាមអាចវិលចូលមកក្នុងជំរំវិញ។ 16បន្ទាប់មក ប្រជាជនចាកចេញពីហាសិរ៉ូត ទៅបោះជំរំនៅវាលរហោស្ថានប៉ារ៉ាន។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.