ជនគណនា 1:18-54

ជនគណនា 1:18-54 គខប

ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។ លោក​ម៉ូសេ​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។ កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦ ៥០០ នាក់។ កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន​ជំរឿន​បាន​ទាំង​អស់ ៥៩ ៣០០ នាក់។ កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។ កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។ កូន​ចៅ​លោក​អ៊ីសា‌ខារ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ជំរឿន​បាន​ទាំង​អស់ ៥៤ ៤០០​នាក់។ កូន​ចៅ​លោក​សាប់យូ‌ឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧ ៤០០ នាក់។ រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។ កូន​ចៅ​លោក​ម៉ាណា‌សេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជំរឿន​បាន​ទាំង​អស់ ៣២ ២០០ នាក់។ កូន​ចៅ​លោក​បេន‌យ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។ កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។ កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។ រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។ ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។ គេ​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។ ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។ ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។