នេហេមា 9

9
ប្រជា‌ជន​តម​អាហារ និង​សារភាព​អំពើ​បាប​របស់​ខ្លួន
1នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។ 2អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។ 3បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ 4លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។ 5បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។
ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន
«បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង
ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះអង្គ
ជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង
ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!
6មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះ‌អម្ចាស់
ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ
ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត
និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ
ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី
និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។
ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ
ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ
នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
7 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ គឺ​ព្រះអង្គ​ហើយ
ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម
និង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ
ហើយ​ព្រះអង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។
8 ព្រះអង្គ​ឈ្វេង​យល់​លោក​មាន
ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
ព្រះអង្គ​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក
ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន
ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត
ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី
ឲ្យ​ពូជ‌ពង្ស​របស់​លោក។
ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​សន្យា
ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត។
9 ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស
របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប
ព្រះអង្គ​បាន​ឮ​សម្រែក​របស់​ពួក​គេ
នៅ​ក្បែរ​សមុទ្រ​កក់។
10 ព្រះអង្គ​បាន​សម្តែង​ទី​សម្គាល់
និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ
ប្រឆាំង​នឹង​ស្ដេច​ផារ៉ោន
ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច
និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល
ដ្បិត​ព្រះអង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច
ធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ
ល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។
11 ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា
នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង
ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ
ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល
ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ
ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។
12 នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​ពួក​គេ
ដោយ​ដុំ​ពពក
នៅ​ពេល​យប់ ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ
ដោយ​ដុំ​ភ្លើង។
13 ព្រះអង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ
ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ មក​ពួក​គេ
ហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ*​ដ៏​ពិត
ព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ
មក​ឲ្យ​ពួក​គេ។
14ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់
ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ
ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង
ក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។
15 នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះអង្គ​ប្រទាន
អាហារ​ពី​លើ​មេឃ​មក​ឲ្យ​ពួក​គេ
នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក
ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។
ព្រះអង្គ​បញ្ជា​ពួក​គេ​ឲ្យ​ចូល
ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា
យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ។
16 ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត
និង​មាន​ចិត្ត​រឹង​ចចេស
ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។
17 ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់
ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។
ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ
ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់
ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។
ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោស
ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
អាណិត​អាសូរ និង​ប្រណី​សន្ដោស
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។
18 ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ
ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក
ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!”
ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ
ព្រះអង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី
19 ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ
នៅ​វាល​រហោ‌ស្ថាន​ឡើយ
ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ
ពួក​គេ​យ៉ាង​ខ្លាំង។
នៅ​ពេល​ថ្ងៃ ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ
ដោយ​ដុំ​ពពក
នៅ​ពេល​យប់ ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ
ដោយ​ដុំ​ភ្លើង។
20ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ
របស់​ព្រះអង្គ មក​ពួក​គេ
ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា
ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ
ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ
មិន​ដែល​អាក់‌ខាន​ឡើយ។
21ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់
ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន
ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ
សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល
ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។
22 ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ
និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង
មក​ឲ្យ​ពួក​គេ​កាន់​កាប់។
ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន
ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក
ជា​ស្ដេច​ស្រុក​បាសាន។
23 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ
កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ
ហើយ​ព្រះអង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី
ដែល​ព្រះអង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ
ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។
24 កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី
ព្រះអង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន
ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ
ព្រះអង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច
ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ
ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។
25 ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ
និង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។
ពួក​គេ​ចាប់​យក​បាន​ផ្ទះ
ដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង
ព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរ
ចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ
យ៉ាង​ច្រើន​បរិបូណ៌។
ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម
ហើយ​រស់​នៅ​យ៉ាង​សប្បាយ
ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង
របស់​ព្រះអង្គ។
26 ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ
ប្រឆាំង​នឹង​ព្រះអង្គ
ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ
ហើយ​សម្លាប់​ពួក​ព្យាការី
ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត
មក​រក​ព្រះអង្គ​វិញ
ពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះអង្គ​យ៉ាង​ខ្លាំង។
27ពេល​នោះ ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត
ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។
ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ
ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ*
ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង
ព្រះអង្គ​ប្រទាន​អ្នក​រំដោះ
មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​បច្ចា‌មិត្ត។
28ពេល​បាន​សុខ​ក្សេម‌ក្សាន្ត
ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់
មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​សា​ជា​ថ្មី
ព្រះអង្គ​ក៏​បោះ​បង់​ចោល​ពួក​គេ
ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ
ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។
ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ​សា​ជា​ថ្មី
ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ
ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង
ហើយ​ព្រះអង្គ​សង្គ្រោះ​ពួក​គេ
ជា​ច្រើន​លើក​ច្រើន​សា។
29 ព្រះអង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក
កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​វិញ
តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស
មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។
វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត
ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម
ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស
នឹង​វិន័យ​ទាំង​នេះ​វិញ។
ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស
មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។
30 ព្រះអង្គ​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ
ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​មក
រំឭក​ដាស់‌តឿន​ពួក​គេ
តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះអង្គ
ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ
ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រគល់​ពួក​គេ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។
31ដោយ​ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង
ព្រះអង្គ​មិន​លុប​បំបាត់​ពួក​គេ
ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ
ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ
ប្រណី‌សន្ដោស និង​អាណិត​អាសូរ។
32 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម
ប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច
ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី
ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច។
ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ
ដែល​កំពុង​រង​ទុក្ខ​លំបាក
គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ
បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ
ដូនតា​របស់​យើង​ខ្ញុំ
និង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ
ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី
រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
33ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន
ដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថា
ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ
ដោយ​យុត្តិធម៌ និង​សុចរិត​មែន
ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។
34ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ
បូជា‌ចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ
ពុំ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ
ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជា
ឬ​ការ​ព្រមាន​ផ្សេងៗ
ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​គេ​ដែរ។
35នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួន
ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាង
ដ៏​សម្បូណ៌​សប្បាយ
ក្នុង​ទឹក​ដី​ដ៏​ទូលំ‌ទូលាយ និង​មាន​ជី‌ជាតិ​ល្អ
ពួក​គេ​ពុំ​ព្រម​គោរព​បម្រើ​ព្រះអង្គ​ទេ
ហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់
របស់​ខ្លួន​ដែរ។
36ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ!
យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក
ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំ
ដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែ
និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!
37ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ
បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា
ដែល​ព្រះអង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ
ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។
គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ
និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ
តាម​អំពើ​ចិត្ត​របស់​គេ
យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។
ប្រជា‌ជន​សន្យា​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់
38ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 9: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល