នេហេមា 3

3
ការ​បែង​ចែក​សំណង់​ក្រុង​យេរូ‌សាឡឹម
1នៅ​គ្រា​នោះ លោក​អេលីយ៉ាស៊ីប ជា​មហា‌បូជា‌ចារ្យ បាន​ក្រោក​ឡើង​ជា​មួយ​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បងប្អូន​របស់​លោក ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ហាមេ‌អា​រហូត​ដល់​ប៉ម​ហាណា‌នាល​ដែរ។ 2នៅ​ក្បែរ​ពួក​លោក មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក មាន​លោក​សាគើរ ជា​កូន​របស់​លោក​អ៊ីមរី។ 3កូន​ចៅ​របស់​លោក​សេណា‌អា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ 4នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។ 5នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។ 6លោក​យ៉ូយ៉ា‌ដា ជា​កូន​របស់​លោក​ផាសេ‌ហា និង​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេសូ‌ឌា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ 7នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។ 8នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​ហារ‌ហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។ 9លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។ 10បន្ទាប់​មក មាន​លោក​យ៉ាដា‌យ៉ា ជា​កូន​របស់​លោក​ហារូ‌ម៉ាប​ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាធូស ជា​កូន​របស់​លោក​ហាសាប‌នា​ធ្វើ​ការ​នៅ​ក្បែរ​គាត់។ 11លោក​ម៉ាល់‌គា​ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ផាហាត-‌ម៉ូអាប់ ជួស‌ជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។ 12នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។ 13លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។ 14លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ 15លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។ 16បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។ 17បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។ 18បន្ទាប់​មក មាន​បងប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ​ជា​កូន​របស់​លោក​ហេណា‌ដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។ 19បន្ទាប់​មក លោក​អេ‌ស៊ើរ​ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួស‌ជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សស្ត្រា‌វុធ​ត្រង់​មុម​កំពែង។ 20បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។ 21បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។ 22បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។ 23បន្ទាប់​មក មាន​លោក​បេន‌យ៉ាមីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។ 24បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។ 25លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដា‌យ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។ 26ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។ 27បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។
28នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។ 29បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីម‌មើរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។ 30បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។
31បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។ 32ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

ទើបបានជ្រើសរើសហើយ៖

នេហេមា 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល