នេហេមា 4
4
បច្ចាមិត្តរបស់ជនជាតិយូដាចង់បញ្ឈប់ការជួសជុល
1ពេលលោកសាន់បាឡាត់ទទួលដំណឹងថា ពួកយើងជួសជុលកំពែងក្រុងឡើងវិញដូច្នេះ គាត់ខឹងមួម៉ៅជាខ្លាំង។ គាត់ចំអកឲ្យជនជាតិយូដា 2ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។ 3លោកថូប៊ីយ៉ា ជាជនជាតិអាំម៉ូន ដែលនៅក្បែរនោះ ពោលឡើងថា៖ «ទុកឲ្យពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។
4«ឱព្រះនៃយើងខ្ញុំអើយ សូមព្រះសណ្ដាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមឲ្យពាក្យប្រមាថមាក់ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញ! សូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ 5សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។
6ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
7ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។ 8ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កឲ្យមានការខូចខាត។
9ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។ 10ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
11បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។
12ពេលនោះ ជនជាតិយូដាដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើង។ 13ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។ 14ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
15ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។ 16ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។ 17អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។ 18រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ 19ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។ 20ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។ 21យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែង តាំងពីព្រលឹមទល់ព្រលប់។ 22នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ 23ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។
ទើបបានជ្រើសរើសហើយ៖
នេហេមា 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.