យ៉ូស្វេ 17

17
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ខាង​លិច
1កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ ជា​កូន​ច្បង​របស់​លោក​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន។ 2រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណា‌សេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។ 3លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅ‌ទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណា‌សេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។ 4 នាង​ទាំង​នោះ​បាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌ជន ជម្រាប​ថា “ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​ឲ្យ​ពួក​នាង​ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់5ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត​ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់ 6ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ​បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណា‌សេ​ឯ​ទៀតៗ។
7ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​លាត​សន្ធឹង​ពី​ស្រុក​អេ‌ស៊ើរ​ទៅ​ក្រុង​មីគ‌មេថា ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-‌តាពួរ។ 8ទឹក​ដី​ស្រុក​តាពួ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​ម៉ាណា‌សេ ប៉ុន្តែ ក្រុង​តាពួ​ដែល​ជាប់​នឹង​ព្រំ‌ប្រទល់​ម៉ាណា‌សេ ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​អេប្រាអ៊ីម 9ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ថ្វី‌ដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណា‌សេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។ 10ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។ 11កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេ‌ស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ដោរ ក្រុង​អេន-‌ដោរ ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។ 12 ប៉ុន្តែ កូន​ចៅ​ម៉ាណា‌សេ​ពុំ​អាច​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​ទេ ជន‌ជាតិ​កាណាន​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។ 13ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹង‌ប៉ឹង​មាំ‌មួន​ហើយ ពួក​គេ​បង្ខិត‌បង្ខំ​ជន‌ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​នេះ​ចេញ​ពី​ស្រុក​ឡើយ។
កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណា‌សេ​ខាង​លិច ទាម‌ទារ​ទឹក​ដី​ថែម​ទៀត
14កូន​ចៅ​របស់​លោក​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក​ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។ 15លោក​យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បងប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រាអ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរី‌ស៊ីត និង​ស្រុក​រេផែម​ទៅ»។ 16កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។ 17លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ខាង​លិច​ថា៖ «បងប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ បងប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។ 18បងប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បងប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំង‌ក្លា​យ៉ាង​ណា​ក៏​ដោយ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 17: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល