យ៉ូស្វេ 18

18
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ប្រាំ‌ពីរ​ទៀត
1ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។ 2ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​កុល‌សម្ព័ន្ធ​ប្រាំ‌ពីរ​ទៀត​ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​នៅ​ឡើយ។ 3លោក​យ៉ូស្វេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ? 4ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ 5ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ‌ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប​ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។ 6ត្រូវ​ធ្វើ​របាយ‌ការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំ‌ពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ 7ប៉ុន្តែ កុល‌សម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​ព្រះ‌អម្ចាស់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ប្រគល់​ឲ្យ»។
8បុរស​ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ លោក​យ៉ូស្វេ​បាន​ផ្ដែ‌ផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ 9បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ​អំពី​ក្រុង​នានា​ទាំង​ប្រាំ‌ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។ 10នៅ​ស៊ីឡូ លោក​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន
11ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។ 12ព្រំ‌ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ​ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជម្រាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។ 13បន្ទាប់​មក ព្រំ‌ប្រទល់​ចេញ​ពី​ទី​នោះ​តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជម្រាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-‌អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។ 14នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង​រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-‌បាល គឺ​គារ‌យ៉ាត-‌យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​លិច​របស់​គេ។
15រីឯ​ព្រំ‌ប្រទល់​ប៉ែក​ខាង​ត្បូង​ចេញ​ពី​គារ‌យ៉ាត-‌យ៉ារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិប‌តា។ 16ព្រំ‌ប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ខាង​ជើង​វាល​រាប​រេផែម រួច​ចុះ​តាម​វាល​រាប​ហ៊ី‌ណម ត្រង់​ជម្រាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-‌រ៉ូកែល។ 17បន្ទាប់​មក ព្រំ‌ប្រទល់​បត់​ទៅ​ខាង​ជើង​ដល់​អេន-‌សេ‌ម៉េស និង​កេលី‌ឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​អាឌូ‌មីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។ 18ព្រំ‌ប្រទល់​នេះ​កាត់​តាម​ជម្រាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ា‌បា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ា‌បា​នោះ 19រួច​បន្ត​ទៅ​ខាង​ជើង​បេត-‌ហុក‌ឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ។ 20រីឯ​ព្រំ‌ប្រទល់​ខាង​កើត​គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។
21ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-‌ហុក‌ឡា អេមាក់-‌កេស៊ីស 22បេត-‌អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល 23អាវីម ប៉ារ៉ា អូប្រា 24កេផា-‌អាំ‌ម៉ូនី អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
25បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត 26មីសប៉ា កេភី‌រ៉ា ម៉ូសា 27រេគែម យារ‌ពាល តារ៉ា‌ឡា 28សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) គីបៀរ គារ‌យ៉ាត គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 18: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល