ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរ ជាស្ដេចក្រុងអេក្លូនថា៖ «សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។ ស្ដេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។ អ្នកស្រុកគីបៀនចាត់គេឲ្យទៅជម្រាបលោកយ៉ូស្វេ នៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។ លោកយ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។ លោកយ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសម្រុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។ នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ ខ្មាំងសត្រូវរបស់ខ្លួន។ ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។ តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
អាន យ៉ូស្វេ 10
ស្ដាប់នូវ យ៉ូស្វេ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 10:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ