យ៉ូស្វេ 10
10
ជ័យជម្នះលើស្ដេចរបស់ជនជាតិអាម៉ូរី
1ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ 2ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ 3ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរ ជាស្ដេចក្រុងអេក្លូនថា៖ 4«សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។
5ស្ដេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។ 6អ្នកស្រុកគីបៀនចាត់គេឲ្យទៅជម្រាបលោកយ៉ូស្វេ នៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។
7លោកយ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។ 8ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។ 9លោកយ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសម្រុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។ 10ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ 11ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
12នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖
«ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម
នៅលើក្រុងគីបៀនទៅ!
ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម
នៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
13 ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម
ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ
រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ
ខ្មាំងសត្រូវរបស់ខ្លួន។
ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។ 14តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
15បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
លោកយ៉ូស្វេចាប់បានស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គ
16ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។ 17មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។ 18លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។ 19រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ 20លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ 21បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកជំរំ ដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមក គ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។
22បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ 23គេក៏បើកមាត់រូង ហើយនាំស្ដេចទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន ចេញមកជួបលោក។ 24កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេហើយ លោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោក ឲ្យចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។ 25លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ 26លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរ-កនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។ 27ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
លោកយ៉ូស្វេដណ្ដើមយកក្រុងនានានៅទិសខាងត្បូង
28នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់ គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
29លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដាឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។ 30ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
31បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ 32ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។ 33ពេលនោះ ព្រះបាទហោរ៉ាម ជាស្ដេចក្រុងកេស៊ើរ បានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស្វេវាយប្រហារទាំងស្ដេច ទាំងប្រជាជនរបស់ស្ដេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។
34បន្ទាប់មកទៀត លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ 35នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ 36លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូន ឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។ 37គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្ដេច ព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
38លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។ 39លោកវាយយកក្រុងនោះ ហើយចាប់បានស្ដេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណា ព្រមទាំងស្ដេចរបស់គេដែរ។
40លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។ 41លោកយ៉ូស្វេវាយលុកចាប់តាំងពីកាដេស-បារនារហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។ 42លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។ 43បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.