យ៉ូស្វេ 10:1-15

យ៉ូស្វេ 10:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិមបាន​ឮ​ថា លោក​យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេ​ដែរ ហើយ​ថា អ្នក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​ជាមួយពួក​អ៊ីស្រា‌អែល ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ ស្ដេច ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​ជា​ក្រុងមួយ​ធំ ដូច​ជា​រាជ​ធានី​មួយ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ ដូច្នេះ ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​ហូហាំ​ជា​ស្តេច​ក្រុង​ហេប្រុន និង​ព្រះ​បាទ​ពារ៉ាម​ជា​ស្តេច​ក្រុង​យ៉ារមុត ព្រះ​បាទ​យ៉ាភា​ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ព្រះ​បាទ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា៖ «សូម​ឡើង​មក​ជួយ​ទូល​បង្គំ​ផង ហើយ​សូម​យើងនាំ​គ្នា​វាយ​ក្រុង​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​ជាមួយ​លោក​យ៉ូស្វេ និង​ជាមួយប្រជា‌ជន​អ៊ីស្រា‌អែល​ហើយ»។ ពេល​នោះ ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន បាន​ប្រមូល​កម្លាំង‌ទ័ព​របស់ខ្លួន​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ទាស់​នឹង​ក្រុង​គីបៀន ហើយ​ច្បាំង​នឹង​ក្រុង​នោះ។ អ្នក​ក្រុង​គីបៀន​ក៏​ចាត់​គេ​ឲ្យ​មកជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល ជម្រាប​ថា៖ «សូម​កុំ​បោះ​បង់​អ្នក​បម្រើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ដែល​នៅ​ស្រុក​ភ្នំ បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​ខ្ញុំ​ហើយ»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច ទៅ​ជា​មួយ​ផង។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ»។ លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពេញ​មួយ​យប់ ចេញ​ពី​គីល‌កាល ហើយ​វាយ​ប្រហារ​ពួក​គេ​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន។ ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។ ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ ពេល​នោះ ព្រះ​អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ​ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ពួក​អ៊ី​ស្រាអែល​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​របស់​គេ។ តើ​ហេតុការណ៍​នេះមិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ទេ​ឬ? គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​កណ្ដាល​មេឃ ហើយ​មិន​បានប្រញាប់​ប្រញាល់នឹង​លិច អស់​រយៈ​ពេល​ប្រមាណ​មួយ​ថ្ងៃពេញ។ ទោះ​ពី​មុន​មក ឬ​ក្រោយ​មក​ទៀត មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ ដែល​ព្រះ‌យេហូវ៉ា​ស្តាប់​តាម​សំឡេងរបស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ដែល​នៅ​ជាមួយ​លោក ក៏​វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជ‌ធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​ហូ‌ហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះ‌បាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារ‌មូត ព្រះ‌បាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះ‌បាទ​ដេបៀរ ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖ «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល»។ ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួត‌ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។ អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូស្វេ នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។ លោក​យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីល‌កាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់‌អាច​របស់​លោក​មក​ជា​មួយ​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។ លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សម្រុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។ ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់ ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។ តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះ‌អម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ នឹង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ក៏​នៅ​ជា​មួយ​គ្នា​ផង នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​នោះ​ជា​ក្រុង​ធំ ដូច​ជា​ក្រុង​របស់​ស្តេច​ណា​មួយ​ដែរ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ផង ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន នឹង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ នឹង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។ នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជំរាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បំរើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​ស្ដេច​សាសន៍​អាម៉ូរី​ទាំង​អស់​ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ ដូច្នេះ យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង នឹង​ពួក​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទៅ​ជា​មួយ​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នឹង​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​គេ អាច​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ យ៉ូស្វេ​ក៏​ឡើង​ពី​គីល‌កាល​ទៅ​អស់​១​យប់ ស្រាប់​តែ​មក​ដល់​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រាអែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទំលាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សំឡាប់​ដោយ​ដាវ​ទៅ​ទៀត។ រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ នោះ​ថ្ងៃ​ក៏​ឈប់​ទ្រឹង ហើយ​ខែ​ក៏​នឹង​នៅ​ទាល់​តែ​ពួក​គេ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ហើយ ការ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ហើយ ថ្ងៃ​ក៏​ឈប់​នឹង​នៅ​កណ្តាល​មេឃ ហើយ​មិន​បាន​ចុះ ដោយ​ឆាប់​រហ័ស​អស់​ពេញ​១​ថ្ងៃ មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុខ​ឬ​ក្រោយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រាអែល រួច​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។

ចែក​រំលែក
អាន យ៉ូស្វេ 10