យ៉ូស្វេ 10:1-15

យ៉ូស្វេ 10:1-15 គខប

ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជ‌ធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​ហូ‌ហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះ‌បាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារ‌មូត ព្រះ‌បាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះ‌បាទ​ដេបៀរ ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖ «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល»។ ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួត‌ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។ អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូស្វេ នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។ លោក​យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីល‌កាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់‌អាច​របស់​លោក​មក​ជា​មួយ​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។ លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សម្រុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។ ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់ ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។ ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។ តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះ‌អម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។