យ៉ូប 9
9
ចម្លើយរបស់លោកយ៉ូប: ខ្ញុំមិនអាចតទល់នឹងព្រះជាម្ចាស់បានទេ
1 លោកយ៉ូបមានប្រសាសន៍តបវិញថា៖
2ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើត
មានដូច្នោះមែន។
មនុស្សមិនអាចតវ៉ានៅចំពោះ
ព្រះភ័ក្ត្រព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។
3បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ
ក្នុងមួយពាន់សំណួរ
សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង ។
4ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ
និងមហិទ្ធិឫទ្ធិ
អ្នកដែលប្រឆាំងនឹងព្រះអង្គ
មិនអាចរួចខ្លួនបានទេ។
5ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន
ព្រះអង្គរម្លើងភ្នំ ដោយសារព្រះពិរោធ
របស់ព្រះអង្គ។
6ព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា
ហើយសសររបស់វាក៏រញ្ជួយដែរ។
7ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ
នោះថ្ងៃមិនរះទេ
ព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ។
8ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដោយគ្មាននរណាជួយ
ព្រះអង្គយាងនៅលើរលកសមុទ្រ។
9 ព្រះអង្គបានបង្កើតផ្កាយក្រពើ
ផ្កាយនង្គ័ល និងផ្កាយកូនមាន់
ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
10ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ
ដែលពុំអាចយល់បាន
ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
11ព្រះអង្គយាងមកក្បែរខ្ញុំ
ក៏ខ្ញុំមើលព្រះអង្គមិនឃើញ
ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
12ពេលព្រះអង្គដកយកអ្វីទៅហើយ
គ្មាននរណាអាចឃាត់ព្រះអង្គបានទេ
ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា
“ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
13ពេលព្រះអង្គព្រះពិរោធហើយ
ព្រះអង្គមិនប្រែព្រះហឫទ័យទេ
ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ
និងបរិវាររបស់វា។
14ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ
ដូចម្ដេចបាន?
តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
15ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង
ព្រះអង្គបានដែរ
គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ
មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
16ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ
នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ
ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌
ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
17ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ
ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន
ដោយឥតហេតុផល។
18ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ
ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា
ពន់ប្រមាណ។
19ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ
ព្រះអង្គមានឫទ្ធានុភាពជាង
ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌
តើនរណាហៅព្រះអង្គមកកាត់ក្ដី?
20ទោះបីខ្ញុំសុចរិតក្ដី
ក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំ
ទោះបីខ្ញុំស្លូតត្រង់ក្ដី
ក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
21តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ?
ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ!
ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
22ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ!
ហេតុនេះហើយបានជាខ្ញុំពោលថា
“ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់
ទាំងមនុស្សអាក្រក់”។
23ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល
ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ
ព្រះអង្គសើចចំអកឲ្យគេ
នៅពេលដែលគេវេទនា។
24ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់
ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ
បើព្រះអង្គមិនធ្វើបែបនេះទេ
តើនរណាជាអ្នកធ្វើ?
25ពេលវេលារបស់ខ្ញុំខិតទៅមុខ
លឿនជាងអ្នកដែលរត់ទៅទៀត
គឺពេលវេលានេះចេះតែរត់ទៅមុខ
ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
26ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ
លឿនជាងនាវា
ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
27ប្រសិនបើខ្ញុំពោលថា:
“ខ្ញុំនឹងបំភ្លេចការសោកសង្រេង
ខ្ញុំនឹងធ្វើទឹកមុខរីករាយ
ហើយខំប្រឹងសើចសប្បាយឡើងវិញ”
28នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ
ធ្វើឲ្យខ្ញុំតក់ស្លុត
ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា
មនុស្សគ្មានទោសឡើយ។
29ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស
ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
30ទោះបីទូលបង្គំយកទឹកមកលាងខ្លួន
ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
31ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ
ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ
ក៏ខ្ពើមទូលបង្គំដែរ។
32ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ា
និងហៅឡើងទៅតុលាការបានឡើយ។
33គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល
សម្រុះសម្រួលរឿងរ៉ាវរវាង
ព្រះអង្គនឹងខ្ញុំបានទេ។
34សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ
សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ
ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
35ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន
ដោយលែងភិតភ័យ។
ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!
ទើបបានជ្រើសរើសហើយ៖
យ៉ូប 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.