យ៉ូប 10
10
ព្រះជាម្ចាស់ឲ្យខ្ញុំកើតមក ដើម្បីបំផ្លាញខ្ញុំ
1«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់!
ខ្ញុំមិនអាចទប់ការត្អូញត្អែរ
របស់ខ្ញុំបានទៀតទេ
ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
2ខ្ញុំនឹងទូលព្រះជាម្ចាស់ថា:
សូមកុំដាក់ទោសទូលបង្គំឡើយ!
សូមប្រាប់ឲ្យទូលបង្គំដឹងផងថា
តើព្រះអង្គមានមូលហេតុអ្វី
ចោទប្រកាន់ទូលបង្គំ?
3តើមានប្រយោជន៍អ្វី
បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ
ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ
រួចបែរជាជួយជ្រោមជ្រែងផែនការ
របស់មនុស្សអាក្រក់ទៅវិញ?
4តើព្រះអង្គមានព្រះនេត្រ ហើយទតមើល
តាមរបៀបដូចមនុស្សលោកដែរឬ?
5តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ
របស់មនុស្សលោក
ហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំ
របស់មនុស្សលោកដែរឬ
6បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ
ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំគ្មានកំហុសអ្វីទេ
ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត
ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
8ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំ
ដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់
តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ
ដូចគេសូនដីឥដ្ឋធ្វើភាជន៍។
តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ
ត្រឡប់ទៅជាធូលីដីវិញឬ?
10ព្រះអង្គបានសូនទូលបង្គំ
និងឲ្យទូលបង្គំចម្រើនធំឡើង
ក្នុងផ្ទៃម្ដាយ។
11ព្រះអង្គបំពាក់ស្បែក និងសាច់
ពាសពេញរូបកាយទូលបង្គំ
ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យ
មេត្តាករុណាចំពោះទូលបង្គំ
ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ
ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
14គឺព្រះអង្គឃ្លាំមើលទូលបង្គំ
ក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាប
ហើយព្រះអង្គមិនព្រមលើកលែងទោស
ឲ្យទូលបង្គំទាល់តែសោះ។
15ប្រសិនបើទូលបង្គំមានទោស
នោះទូលបង្គំពិតជាវេទនាមិនខាន!
ប្រសិនបើទូលបង្គំសុចរិត
នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ
ទូលបង្គំត្រូវអាម៉ាស់
ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16ប្រសិនបើទូលបង្គំហ៊ានងើបមុខ
ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ
ព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗ
ប្រហារទូលបង្គំថែមទៀត។
17ព្រះអង្គចេះតែរកមូលហេតុថ្មីៗ
មកចោទប្រកាន់ទូលបង្គំ
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ
កាន់តែខ្លាំងឡើងៗ
ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
18ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី?
បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ
នោះគ្មាននរណាឃើញទេ។
19បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ
នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
20អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ
សូមឈប់វាយប្រហារទូលបង្គំ
សូមយាងចាកចេញពីទូលបង្គំទៅ
ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
21មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត
ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ឥតវិលត្រឡប់វិញឡើយ។
22ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត
ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ជាកន្លែងដែលគ្មានរបៀបរៀបរយ
ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.