យ៉ូប 24
24
ព្រះជាម្ចាស់បណ្តោយឲ្យមនុស្សអាក្រក់ធ្វើតាមចិត្ត
1ហេតុអ្វីបានជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស
ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ
មិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
2មនុស្សតែងតែលួចបង្ខិតបង្គោលរបង
គេលួចសត្វរបស់អ្នកដទៃយកទៅទុក
ក្នុងក្រោលរបស់ខ្លួន។
3គេជំរិតយកលារបស់ក្មេងកំព្រា
គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ
ទុកជារបស់បញ្ចាំ។
4គេដេញជនក្រីក្រឲ្យចេញពីផ្លូវ
ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក
ឲ្យរត់ពួនទាំងអស់គ្នា។
5ជនក្រីក្រទាំងនោះចេញទៅរកអាហារ
មកចិញ្ចឹមកូនចៅរបស់ខ្លួន
ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
6ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ
និងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់
ក្នុងចម្ការរបស់មនុស្សអាក្រក់។
7នៅពេលយប់ ពួកគេដេកខ្លួនទទេ
គ្មានសម្លៀកបំពាក់
គ្មានភួយដណ្ដប់នៅពេលរងា។
8រូបកាយរបស់ពួកគេទទឹកជោកទៅដោយ
ភ្លៀងដែលធ្លាក់នៅតាមភ្នំ
ហើយពួកគេគ្មានអ្វីជាជម្រក
ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
9មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា
ផ្ដាច់ចេញពីដោះម្ដាយ
ហើយយកកូនរបស់ជនក្រីក្រ
ទុកជារបស់បញ្ចាំ។
10ជនក្រីក្រទាំងនោះដើរខ្លួនទទេ
គ្មានសម្លៀកបំពាក់បិទបាំងកាយ
ហើយត្រូវគេបង្ខំឲ្យលីស្រូវ
តែគ្មានអ្វីបរិភោគ។
11ពួកគេចម្រាញ់ប្រេងអូលីវ
និងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃ
តែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
12អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ
ស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុង
ប៉ុន្តែ ព្រះអង្គធ្វើព្រងើយ
មិនដាក់ទោសអ្នក
ដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
13មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ
ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ
ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
14ឃាតកក្រោកឡើងពីព្រលឹម
គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត
នៅពេលយប់ គេធ្វើជាចោរប្លន់។
15មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច
ពួកគេយកក្រណាត់បិទមុខ
កុំឲ្យនរណាមើលស្គាល់។
16នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានា
នៅពេលថ្ងៃ ពួកគេលាក់ខ្លួន
គឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
17ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជ
ហើយចូលចិត្តតែភាពងងឹតអន្ធការ។
18អស់លោកពោលថា “មនុស្សអាក្រក់
មុខជាត្រូវទឹកហូរនាំយកបាត់ទៅ
ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា
ហើយគេមិនចូលទៅក្នុងចម្ការ
ទំពាំងបាយជូរទៀតទេ។
19ការរាំងស្ងួត និងកម្ដៅ
ធ្វើឲ្យទឹកកករលាយយ៉ាងណា
ស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាប
រលាយសូន្យយ៉ាងនោះដែរ។
20ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ
ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់
គ្មាននរណានឹកដល់គេទៀតទេ។
អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
21ពួកគេធ្វើបាបស្ត្រីអារ
ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយទេ។
22ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា
ដកមនុស្សមានអំណាចចេញ
ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា
នឹងរស់តទៅទៀតបានឡើយ។
23ព្រះអង្គបណ្ដោយឲ្យពួកគេស្មានថា
ខ្លួនរស់នៅយ៉ាងសុខសាន្ត
ប៉ុន្តែ ព្រះអង្គទតមើលអំពើ
ដែលពួកគេប្រព្រឹត្តជានិច្ច។
24ពួកគេបានថ្កើងឡើងតែមួយភ្លែត
រួចហើយវិនាសបាត់ទៅ
ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង
ហើយស្លោកអស់ទៅ
និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
25បើពាក្យរបស់ខ្ញុំមិនពិតទេ
សូមតវ៉ា និងបង្ហាញថា
ខ្ញុំពិតជានិយាយខុសមែន»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 24: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.