យ៉ូប 23
23
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកអេលីផាស: ព្រះអង្គមិនព្រមចរចាជាមួយខ្ញុំទេ!
1លោកយ៉ូបឆ្លើយវិញថា៖
2«នៅថ្ងៃនេះទៀត
ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី
ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។
3បើខ្ញុំដឹងថា ព្រះអង្គនៅទីណា
បើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅ
4នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គ
ខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្ដី។
5ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ
ព្រមទាំងយល់សេចក្ដីដែលព្រះអង្គ
សព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។
6តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ
ដើម្បីចោទប្រកាន់ខ្ញុំឬ?
ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
7ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គ
ព្រោះខ្ញុំជាមនុស្សទៀងត្រង់
ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំ
នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
8ប្រសិនបើខ្ញុំទៅទិសខាងកើត
ព្រះអង្គមិនគង់នៅទីនោះទេ
ប្រសិនខ្ញុំទៅទិសខាងលិច
ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
9តើព្រះអង្គរវល់នៅទិសខាងជើងឬ
បានជាខ្ញុំមិនអាចឃើញព្រះអង្គ?
ឬមួយព្រះអង្គពួននៅទិសខាងត្បូង
ហើយខ្ញុំមិនអាចឃើញព្រះអង្គ។
10ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ
ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ
ព្រះអង្គមុខជាឃើញថា
ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
11ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ
ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច
ឥតងាកចេញឡើយ។
12ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់
ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ
គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
13ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយ
គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេ
ព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
14ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណា
ព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះ
ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត
ដែលព្រះអង្គគ្រោងទុកដែរ។
15ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ពេលណាខ្ញុំរិះគិតដូច្នេះ
ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
16ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
17ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ
ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ
ក៏ខ្ញុំមិននៅស្ងៀមដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.