យ៉ូប 17
17
ខ្ញុំលែងមានសង្ឃឹមទៀតហើយ
1ដង្ហើមរបស់ខ្ញុំចង់ផុត
អាយុជីវិតរបស់ខ្ញុំជិតរលត់
ហើយផ្នូរក៏នៅរង់ចាំខ្ញុំ។
2ជនមើលងាយស្ថិតនៅជុំវិញខ្ញុំ
ពាក្យចំអករបស់ពួកគេធ្វើឲ្យខ្ញុំ
ដេកមិនលក់។
3ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង
ដ្បិតក្រៅពីព្រះអង្គ គ្មាននរណាផ្សេង
ហ៊ានធានារ៉ាប់រងទូលបង្គំទេ។
4ព្រះអង្គបានខ្ទប់ចិត្តរបស់ពួកគេ
មិនឲ្យស្វែងយល់
ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។
5ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ
មកចែកទ្រព្យសម្បត្តិ
តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។
6ព្រះជាម្ចាស់ធ្វើឲ្យប្រជាជនទាំងឡាយ
យករឿងខ្ញុំទៅនិយាយលេងសើច
ពួកគេស្ដោះទឹកមាត់ដាក់មុខខ្ញុំ។
7ភ្នែករបស់ខ្ញុំប្រែជាស្រវាំង ព្រោះតែទុក្ខព្រួយ
រូបកាយរបស់ខ្ញុំនៅសល់តែស្បែក និងឆ្អឹង។
8មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំង
ហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជា
មនុស្សទមិឡ។
9មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន
តទៅមុខទៀត
ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ
កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
10ចំណែកឯអស់លោក សូមអញ្ជើញមកវិញ
ហើយថ្លែងសាជាថ្មីចុះ
ខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោក
គ្មានអ្នកប្រាជ្ញសោះឡើយ។
11អាយុជីវិតខ្ញុំដល់ទីបញ្ចប់
គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ
សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
12មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃ
ហើយពេលងងឹតចូលមកដល់
ពួកគេពោលថា ជិតភ្លឺហើយ។
13ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ
គឺស្ថានមច្ចុរាជ
ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
14ខ្ញុំហៅរណ្ដៅថាជាឪពុករបស់ខ្ញុំ
ហៅដង្កូវថាជាម្ដាយ និងបងស្រីរបស់ខ្ញុំ។
15តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា?
មាននរណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំឬទេ?
16សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់
ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.