យ៉ូប 18

18
ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​ប៊ីល‌ដាដ: អន្ទាក់​របស់​មនុស្ស​អាក្រក់
1លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា
ពោល​ឡើង​ថា៖
2«តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សម្ដី​បែប​នេះ
ដល់​ពេល​ណា​ទៀត?
ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។
3ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​ឲ្យ
គាត់​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ?
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចាត់​ទុក​យើង
ដូច​មនុស្ស​ល្ងី‌ល្ងើ?
4ឱ​លោក​ដែល​អារ​សាច់​ខ្លួន​ឯង
ព្រោះ​តែ​កំហឹង​អើយ
តើ​គួរ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន
និង​ឲ្យ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​លោក​ឬ?
5 ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់
ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រាន
របស់​គេ​ក៏​លែង​ភ្លឺ​ដែរ។
6ពន្លឺ​នៅ​ក្នុង​ទី​លំ‌នៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យ
ចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។
7ជំហាន​ដ៏​មាំ‌មួន​របស់​គេ​បែរ​ជា​ឃ្លីង‌ឃ្លោង
គម្រោង‌ការ​របស់​គេ​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល
8ដ្បិត​ជើង​របស់​គេ​ឈាន​ទៅ​រក​អន្ទាក់
គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​រណ្ដៅ។
9ក​ជើង​របស់​គេ​ជាប់​អន្ទាក់
ហើយ​ចំណង​រួត‌រឹត​គេ។
10មាន​អង្គប់​បង្កប់​ចាំ​ចាប់​គេ
ហើយ​ក៏​មាន​អន្ទាក់​នៅ​តាម​ផ្លូវ​របស់​គេ​ដែរ។
11ការ​ភ័យ​ខ្លាច​ឡោម‌ព័ទ្ធ​ជុំ‌វិញ​គេ
ព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជានិច្ច។
12គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លាន
ទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។
13ស្បែក​របស់​គេ​ដាច់​ជា​ដុំៗ
ហើយ​ដំបៅ ក៏​ស៊ី​រូង​ដៃ​ជើង​របស់​គេ​ដែរ។
14សេចក្ដី​ស្លាប់​ដក​គេ​ចេញ​ពី​លំ‌នៅ
ដែល​ជា​ទី​ទុក​ចិត្ត​របស់​គេ
ហើយ​នាំ​គេ​ទៅ​ជួប​មច្ចុរាជ។
15នរណា​ក៏​អាច​មក​រស់​ក្នុង​លំ‌នៅ​របស់​គេ​បាន​ដែរ
ព្រោះ​ជា​លំ‌នៅ​ដែល​គ្មាន​ម្ចាស់។
គេ​រាយ​ស្ពាន់ធ័រ​ពេញ​ទី​លំ‌នៅ​របស់​គេ។
16ឫស​របស់​គេ​ត្រូវ​ងាប់
ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។
17គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយ
ហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះ
របស់​គេ​ទៀត​ដែរ។
18មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត
ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។
19គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោម
ប្រជា‌ជន​របស់​ខ្លួន
ហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ
គ្មាន​នរណា​ម្នាក់​នៅ​សេស‌សល់​ឡើយ។
20ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិច
អស់​អ្នក​ដែល​បាន​ឮ​ពី​ការ​វេទនា​របស់​គេ
នឹង​នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​តក់‌ស្លុត។
21មនុស្ស​អាក្រក់ មិន​ស្គាល់​ព្រះ‌ជាម្ចាស់
រមែង​ជួប​មហន្ត‌រាយ​បែប​នេះ​ឯង!»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 18: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល