យ៉ូប 16

16
ចម្លើយ​របស់​លោក​យ៉ូប: សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរម‌សុខ
1លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖
2«សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ
ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។
អស់​លោក​មក​ជួយ​សម្រាល​ទុក្ខ
តែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ!
3តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ
ដល់​អង្កាល់​ទើប​ចប់?
តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល
បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ?
4ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច
អស់​លោក​បាន​ដែរ
គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ
ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក
ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។
5ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក
ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង
ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។
6រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយ
ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ
បើ​ខ្ញុំ​មិន​និយាយ
ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។
7ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង…
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំ
វិនាស​ទាំង​ស្រុង។
8ព្រះអង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែ
ស្បែក និង​ឆ្អឹង
ដែល​ជា​ភស្តុតាងឲ្យ​គេ​ចោទ​ប្រកាន់​ថា
ទូលបង្គំ​មាន​កំហុស។
9ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ប្រហារ​ខ្ញុំ
ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ
បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ
ព្រះអង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។
10មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំ
ដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ
ពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំ
ហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។
11ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ
ក្មេង‌ក្មាង​មើល‌ងាយ
ព្រះអង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​មនុស្ស​ពាល។
12ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្ត
ព្រះអង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរ
ព្រះអង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំ
ហើយ​បោក​ខ្ញុំ​ឲ្យ​ដួល
ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។
13ព្រះអង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទី
ព្រះអង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា
ព្រះអង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។
14ព្រះអង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នា
ព្រះអង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។
15ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក
ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។
16ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក
ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។
17ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ
ហើយ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ
នៅ​តែ​បរិសុទ្ធ​ដដែល។
18ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ
ហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់
សម្រែក​របស់​ខ្ញុំ​ដែរ។
19 ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរម‌សុខ
អ្នក​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។
20មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ
ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​បង្ហូរ​ទឹក​ភ្នែក។
21សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា
អាជ្ញា​កណ្ដាល​រវាង​ព្រះ‌ជាម្ចាស់ និង​ខ្ញុំ
ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង
មនុស្ស និង​មនុស្ស។
22អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយ
ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ
ដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 16: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល