យេរេមា 30
30
មាតុភូមិនិវត្តន៍
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ: 2ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។ 3នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
4 ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអ៊ីស្រាអែល និងជនជាតិយូដាដូចតទៅ:
5ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងឮសម្រែកភ័យខ្លាច
ចលាចលកើតមាននៅក្នុងស្រុក
គឺមិនមែនសន្តិភាពទេ!
6ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ
តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ?
ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់
យកដៃឱបពោះរបស់ខ្លួន
ដូចស្ត្រីហៀបនឹងសម្រាលកូនដូច្នេះ?
ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
7វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា
ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ
គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកុប
ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។
ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
8 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ
លើស្មារបស់ពួកគេ
យើងនឹងផ្ដាច់ចំណងចេញពីពួកគេ
ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើ
ទៀតហើយ។
9ពួកគេនឹងគោរពបម្រើព្រះអម្ចាស់
ជាព្រះរបស់ពួកគេ
ហើយគោរពបម្រើពូជពង្សរបស់ដាវីឌ
ដែលយើងនឹងតែងតាំងឲ្យ
គ្រងរាជ្យលើពួកគេ។
10 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា
ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខសាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
11យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកម្ចាត់កម្ចាយអ្នក
ឲ្យទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«របួសរបស់អ្នកមើលមិនជាទេ
ដំបៅរបស់អ្នកក៏មិនអាចសះដែរ។
13គ្មាននរណារកយុត្តិធម៌ឲ្យអ្នក
និងរុំរបួសឲ្យអ្នកទេ
ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា
អាចផ្សះរបួសរបស់អ្នកដែរ។
14គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ
គ្មាននរណានឹកនាដល់អ្នកទៀតទេ
ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក
យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
15ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ
ព្រោះមហន្តរាយកើតដល់អ្នក
ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ?
យើងធ្វើទោសអ្នកខ្លាំងដូច្នេះ
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
16ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក
មុខជាត្រូវគេលេបត្របាក់វិញ
បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ
ទាំងអស់គ្នា។
អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញ
យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក
ត្រូវគេប្លន់វិញដែរ។
17យើងនឹងលើកអ្នកឡើងវិញ
យើងនឹងប្រោសឲ្យមុខរបួសអ្នក
បានជាសះស្បើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
ពួកគេហៅអ្នកថា
“ក្រុងដែលគេបោះបង់ចោល”
គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
18 ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញ
យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។
គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ
ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
19ការសរសើរតម្កើង និងសំណើចក្អាកក្អាយ
នឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។
យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗ
គឺគេមិនចុះថយឡើយ។
យើងនឹងលើកតម្កើងពួកគេ
គឺគេមិនទន់ទាបទៀតទេ។
20កូនចៅរបស់គេនឹងបានដូចពីដើម
សហគមន៍របស់គេនឹងស្ថិតស្ថេរ
នៅចំពោះមុខយើង ហើយយើងនឹង
ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។
21មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ
អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។
យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង
ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង
ដោយចិត្តឯងឡើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
22អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង
ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
23ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក
ដូចជាខ្យល់ព្យុះ។
ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរា
បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
24ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់
នឹងមិនងាករេចេញឡើយ
ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ
របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។
នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន
ប្រាជ្ញាយល់មិនខាន!។
ទើបបានជ្រើសរើសហើយ៖
យេរេមា 30: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.