យេរេមា 29

29
លិខិត​ផ្ញើ​ទៅ​ប្រជា‌ជន​ដែល​ជា​ឈ្លើយ​សឹក
1 ព្យាការី​យេរេមា​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជូន​ក្រុម​ព្រឹទ្ធា‌ចារ្យ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន 2ក្រោយ​ពេល​ដែល​ព្រះ‌បាទ​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។ 3ព្យាការី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖
4«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​កាន់​អស់​អ្នក​ដែល​ព្រះអង្គ​ឲ្យ​គេ​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា: 5“ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ។ 6ចូរ​រៀបការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។ 7យើង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា ចូរ​ខិត‌ខំ​ធ្វើ​ឲ្យ​ក្រុង​នោះ​ចម្រុង‌ចម្រើន​ឡើង ចូរ​ទូល‌អង្វរ​ឲ្យ​ក្រុង​នោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុខ លុះ​ត្រា​តែ​ក្រុង​នោះ​បាន​សុខ​ដែរ”។ 8ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ព្យាការី ឬ​ពួក​គ្រូ​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ 9ដ្បិត​អ្នក​ទាំង​នោះ​ប្រើ​ឈ្មោះ​យើង​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ។ យើង​មិន​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គម្រប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។ 11យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់12ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល‌អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។ 13 អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។ 14យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។ 15ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។
16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ: 17ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​បរិភោគ​មិន​កើត។ 18យើង​នឹង​តាម​ប្រហារ​ពួក​គេ ដោយ​មុខ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ។ យើង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ញ័រ‌រន្ធត់ ដោយ​ឃើញ​មហន្ត‌រាយ​កើត​មាន​ដល់​ពួក​គេ។ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ពួក​គេ​សម្រាប់​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ផង។ 19ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- យើង​បាន​ចាត់​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
20រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ!
21 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែង‌ក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។ 22ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង! 23អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់”»។
24«ចូរ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ​ថា 25ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​បូជា‌ចារ្យ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ: 26“លោក​សេផា‌នា​អើយ ព្រះ‌អម្ចាស់​តែង‌តាំង​លោក​ជា​បូជា‌ចារ្យ ជំនួស​បូជា‌ចារ្យ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។ 27ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​មិន​ដាក់​ទោស​យេរេមា ជា​អ្នក​ស្រុក​អាណា‌ថោត ដែល​តាំង​ខ្លួន​ជា​ព្យាការី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ? 28គាត់​សរសេរ​សំបុត្រ​មក​ពួក​យើង​នៅ​ស្រុក​បាប៊ី‌ឡូន​នេះ​ថា: អ្នក​រាល់​គ្នា​ត្រូវ​តែ​រស់​នៅ​ទី​នេះ​យ៉ាង​យូរ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ!”»។
29បូជា‌ចារ្យ​សេផា‌នា​អាន​សំបុត្រ​នោះ​ឲ្យ​ព្យាការី​យេរេមា​ស្ដាប់។ 30ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ 31«ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។ 32ហេតុ​នេះ យើង​នឹង​ដាក់​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ និង​កូន​ចៅ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ អាច​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​នេះ ហើយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​យើង​ទទួល​សុភមង្គល ដែល​យើង​នឹង​ផ្ដល់​ឲ្យ​នោះ​ឡើយ ដ្បិត​សេម៉ាយ៉ា​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

យេរេមា 29: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យេរេមា 29

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ