យេរេមា 28

28
លោក​យេរេមា​តទល់​នឹង​លោក​ហាណា‌នា
1 ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ព្យាការី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ថា៖
2«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​បំបាក់​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន! 3ពីរ​ឆ្នាំ​ទៀត យើង​នឹង​នាំ​សម្ភារៈ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ដឹក​ទៅ​នោះ យក​មក​ទុក​នៅ​កន្លែង​នេះ​វិញ។ 4យើង​ក៏​នាំ​យេកូ‌នាស ជា​បុត្រ​របស់​យេហូ‌យ៉ាគីម ស្ដេច​ស្រុក​យូដា និង​អ្នក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន​នោះ​ត្រឡប់​មក​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន”»។
5ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថា៖ 6«អាម៉ែន! សូម​ព្រះ‌អម្ចាស់​ធ្វើ​តាម​ពាក្យ​របស់​លោក! សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ពាក្យ​ដែល​លោក​ប្រកាស​នេះ​ចុះ! គឺ​សូម​ព្រះអង្គ​នាំ​សម្ភារៈ​របស់​ព្រះ‌វិហារ និង​ប្រជា‌ជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ! 7ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជម្រាប​លោក និង​ប្រជា‌ជន​ទាំង​មូល​ឲ្យ​បាន​ជ្រាប​ដូច​ត​ទៅ: 8ព្យាការី​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​មុន​យើង​ទាំង​ពីរ​នាក់ បាន​ថ្លែង​ព្រះ‌បន្ទូល​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ថា ប្រទេស និង​នគរ​ធំៗ​ជា​ច្រើន ត្រូវ​កើត​សង្គ្រាម កើត​អន្តរាយ និង​កើត​ជំងឺ​អាសន្ន‌រោគ។ 9ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា ព្រះ‌អម្ចាស់​ចាត់​ព្យាការី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។
10ពេល​នោះ ព្យាការី​ហាណា‌នា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ព្យាការី​យេរេមា មក​កាច់​បំបាក់ 11ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​រំដោះ​ប្រជា‌ជាតិ​ទាំង​អស់»។ ព្យាការី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។
12បន្ទាប់​ពី​ព្យាការី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ព្យាការី​យេរេមា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖ 13«ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។ 14ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​បម្រើ​នេប៊ូ‌ក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​ឲ្យ​ស្ដេច​នោះ​ដែរ»។
15បន្ទាប់​មក ព្យាការី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ព្យាការី​ហាណា‌នា​ថា៖ «លោក​ហាណា‌នា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! ព្រះ‌អម្ចាស់​មិន​បាន​ចាត់​លោក​ឲ្យ​មក​ទេ! លោក​នាំ​ប្រជា‌ជន​នេះ​ឲ្យ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។ 16ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់»។ 17ព្យាការី​ហាណា‌នា​ក៏​ទទួល​មរណ‌ភាព នៅ​ខែ​ទី​ប្រាំ‌ពីរ នា​ឆ្នាំ​នោះ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 28: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល