អេសាយ 14
14
មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
1 ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
2ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះដែរ។
ព្រះបន្ទូលប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន
3អ៊ីស្រាអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះមក ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអ្នកបានសម្រាក។ 4ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ:
ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ?
អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
5 ព្រះអម្ចាស់ផ្ដួលរំលំអំណាចដ៏ឃោរឃៅ
ព្រះអង្គបំបាក់ដំបងរាជ្យរបស់ជនកំណាច
6គឺមនុស្សដែលមានចិត្តកាចសាហាវ
វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត
មនុស្សដែលមានចិត្តកំរោល
ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ
និងតាមព្យាបាទពួកគេឥតត្រាប្រណី។
7ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ
មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
8សូម្បីតែដើមស្រល់ និងដើមឈើធំៗ
នៅស្រុកលីបង់ក៏មានអំណរសប្បាយ
ដោយឃើញអ្នកអស់ឫទ្ធិដែរ
គឺដើមឈើទាំងនោះនាំគ្នាពោលថា:
“តាំងពីអ្នករលំមក
គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
9ស្ដេចកំណាចអើយ!
ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម
រង់ចាំទទួលអ្នកដែរ
មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់
គឺដាស់វិញ្ញាណក្ខ័ន្ធស្ដេចទាំងប៉ុន្មាន
របស់ប្រជាជាតិនានា
ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
10វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា:
“អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ!
គឺមិនខុសពីយើងទេ!។
11ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង
ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង
ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
12 ឱផ្កាយព្រឹកដ៏ភ្លឺអើយ
ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ?
អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ
ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
13 អ្នកតែងតែពោលថា:
“យើងនឹងឡើងទៅលើមេឃ ហើយលើក
បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ
របស់ព្រះជាម្ចាស់ទៅទៀត។
យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត
ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
14យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត
យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
15ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន
មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
16អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល
ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា:
“អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី
និងរំលំអាណាចក្រទាំងឡាយ
17ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ និងកម្ទេចទីក្រុងនានា
ហើយមិនដែលដោះលែងឈ្លើយសឹក
ទាល់តែសោះនុ៎ះ?”។
18ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក
យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
19ចំពោះអ្នកវិញ
គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ
គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល
ឬដូចសាកសពដែលគេដើរជាន់។
មានសាកសពរបស់អស់អ្នកដែលគេ
សម្លាប់ដោយមុខដាវនៅគរពីលើអ្នក
ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់
ទៅលើថ្មនៅបាតរណ្ដៅ។
20អ្នកពុំបានសម្រាកនៅក្នុងផ្នូរ
ជាមួយស្ដេចឯទៀតៗទេ
ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក
និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។
ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ
ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
21ព្រោះតែកំហុសរបស់ឪពុក
ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ
របស់គេចោលទៅ
ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី
ហើយសង់ក្រុងពាសពេញលើពិភពលោក។
22 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 23យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាស្ស៊ីរី
24 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ដាច់អហង្ការថា៖
“យើងបានគ្រោងទុកយ៉ាងណា
យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ
យើងបានសម្រេចយ៉ាងណា
ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
25យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង
យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង
យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ
ប្រជាជនរបស់យើងចេញ
ហើយយើងក៏នឹងយកអម្រែកដែលគេដាក់លើ
ស្មាប្រជាជនយើងនោះចេញដែរ”។
26នេះជាការដែលព្រះអង្គបានសម្រេចធ្វើ
ចំពោះផែនដីទាំងមូល
ព្រះអង្គនឹងលាតព្រះហស្ដប្រហារ
ប្រជាជាតិទាំងអស់។
27បើព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ
គ្មាននរណាអាចកែប្រែបានឡើយ
ពេលព្រះអង្គលាតព្រះហស្ដប្រហារហើយ
គ្មាននរណាអាចបញ្ឈប់ព្រះអង្គទេ។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
28 នៅឆ្នាំដែលព្រះបាទអហាសសោយទិវង្គត
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
29 ភីលីស្ទីនទាំងមូលអើយ
មិនត្រូវរីករាយ ដោយឃើញដំបងដែល
ធ្លាប់វាយអ្នក បានបាក់នោះឡើយ!
ដ្បិតនឹងមានពស់វែកមួយ
កើតចេញពីពូជរបស់ពស់នោះ
ហើយក៏នឹងមានពស់អសិរពិសកើតចេញ
ពីពងរបស់ពស់វែកនោះដែរ។
30ពេលនោះ ព្រះអម្ចាស់នឹងថែរក្សា
មនុស្សកម្សត់ទុគ៌ត
ព្រះអង្គនឹងនាំមនុស្សក្រីក្រទៅរកកន្លែង
សម្រាកយ៉ាងសុខសាន្ត។
ផ្ទុយទៅវិញ ព្រះអង្គនឹងធ្វើឲ្យ
ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន
រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
31ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ!
ទីក្រុងអើយ ចូរស្រែកយំទៅ!
ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ
ដ្បិតមានផ្សែងហុយមកពីទិសខាងជើង
ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា
ឥតបាត់ម្នាក់ណាឡើយ។
32តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត
របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា
“ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង
ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់
ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
ទើបបានជ្រើសរើសហើយ៖
អេសាយ 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.