អេសាយ 11:1-10

អេសាយ 11:1-10 គខប

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ មាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ ក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​កាត់​ក្ដី តាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ ព្រះអង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។ ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។ កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។ គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នា ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។ សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។ ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។ ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា‌ក្សត្រ ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា‌ក្សត្រ ហើយ​កន្លែង​ដែល​ព្រះអង្គ​ប្រថាប់ នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ