ហូសេ 11:1-9

ហូសេ 11:1-9 គខប

«កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប ។ យើង បាន​ហៅ​គេ​មក​យ៉ាង​ណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា សែន​ព្រះ​បាល​ទាំង‌ឡាយ ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជា ចំពោះ​រូប​បដិមា។ យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរ តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។ យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ និង​ដោយ​ចិត្ត​ស្រឡាញ់។ យើង​បាន​ថ្នាក់‌ថ្នម​គេ ដូច​ឪពុក​លើក​កូន​មក​បី​ថើប ហើយ​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ។ ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ ជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេ ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក យើង​វិញ​ទេ។ សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។ នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ របស់​អ៊ីស្រា‌អែល។ ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេស បោះ​បង់​ចោល​យើង​រហូត យើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើង តែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ ។ អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។ យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។