អេសេគាល 7
7
ចុងបញ្ចប់របស់ស្រុកអ៊ីស្រាអែល
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រាអែលត្រូវវិនាសហើយ មហន្តរាយកំពុងតែចូលមកតាមទិសទាំងបួន! 3អ៊ីស្រាអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នក តាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។ 4យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់»។
5 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទុក្ខវេទនាមកដល់ហើយ! គឺទុក្ខវេទនាខុសប្លែកពីធម្មតា! 6ចុងបញ្ចប់កំពុងតែមក ចុងបញ្ចប់មកដល់ហើយ ចុងបញ្ចប់មកប្រឆាំងនឹងអ្នកយ៉ាងឆាប់ៗ ចុងបញ្ចប់មកដល់ហើយ! 7អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសម្រែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសម្រែកស្លន់ស្លោ។
8ឥឡូវនេះ យើងត្រៀមខ្លួនជះកំហឹងលើអ្នក ឥតបង្អង់ឡើយ។ យើងនឹងធ្វើទោសអ្នកតាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត។ យើងនឹងវិនិច្ឆ័យទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។ 9យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។
10នុ៎ះន៏ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចម្រើន មនុស្សព្រហើនកើនដល់កម្រិត! 11អំពើហិង្សាក៏កើនឡើង ធ្វើឲ្យអំពើអាក្រក់រឹតតែឃោរឃៅ។ ពួកគេគ្មាននៅសល់អ្វីទៀតទេ គឺបាត់បង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។
12ពេលកំណត់មកដល់ហើយ ថ្ងៃកំណត់ក៏មកដល់ដែរ! អ្នកទិញមិនត្រូវអរសប្បាយ អ្នកលក់មិនត្រូវសោកសង្រេង ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់! 13អ្នកលក់ពុំអាចប្រមូលយកអ្វីៗដែលខ្លួនលក់នោះបានមកវិញទេ ទោះបីគេនៅមានជីវិតក៏ដោយ។ ពាក្យដែលយើងប្រកាសដាក់ទោសប្រជាជនទាំងនោះ នឹងសម្រេចជារូបរាង។ ដោយសារកំហុសដែលម្នាក់ៗប្រព្រឹត្ត ពួកគេមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។ 14សំឡេងត្រែលាន់ឮឡើង គ្រប់ៗគ្នាប្រុងប្រៀបខ្លួនជាស្រេច ប៉ុន្តែ គ្មាននរណាម្នាក់ចេញទៅច្បាំងទេ ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
ការដាក់ទោសជនជាតិអ៊ីស្រាអែល
15ខាងក្រៅមានសង្គ្រាម ខាងក្នុងផ្ទះមានជំងឺរាតត្បាត និងទុរ្ភិក្ស អ្នកនៅតាមស្រែចម្ការនឹងស្លាប់ដោយមុខដាវ រីឯអ្នកនៅក្នុងក្រុងនឹងត្រូវវិនាសដោយទុរ្ភិក្ស និងជំងឺរាតត្បាត។ 16អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
17ពួកគេអស់កម្លាំង ទន់ដៃទន់ជើង។
18ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់
ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
19ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវ
មាសរបស់គេក៏អស់តម្លៃ។
នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ប្រាក់ និងមាសពុំអាចរំដោះពួកគេ
ឲ្យរួចខ្លួនឡើយ។
ពួកគេក៏ពុំអាចយកមាសប្រាក់នេះ
ទៅទិញអ្វីមកចម្អែតក្រពះបានដែរ
ដ្បិតមាស និងប្រាក់ ជាមូលហេតុ
នាំពួកគេឲ្យប្រព្រឹត្តអំពើបាប។
20គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត
ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន
ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។
ហេតុនេះហើយបានជាយើងធ្វើឲ្យ
គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
21យើងនឹងបណ្ដោយឲ្យសាសន៍ដទៃ
រឹបអូសយកគ្រឿងអលង្ការទាំងនោះ
ហើយឲ្យពួកចោរប្លន់យកជារបស់ជយភណ្ឌ
ព្រមទាំងប្រមាថរូបព្រះធ្វើពី
គ្រឿងអលង្ការទាំងនោះទៀតផង។
22ទោះបីមានចោរប្លន់
ហើយប្រមាថសម្បត្តិក្នុងដំណាក់របស់យើងក្ដី
ក៏យើងមិនរវីរវល់ដែរ។
23«ចូររៀបចំច្រវាក់
ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ
ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
24យើងនឹងនាំប្រជាជាតិដ៏សាហាវបំផុត
ឲ្យមករឹបអូសយកផ្ទះរបស់ពួកគេ
យើងនឹងបំបាក់អំនួតរបស់ពួកខ្លាំងពូកែ
ហើយខ្មាំងនឹងប្រមាថទីសក្ការៈរបស់ពួកគេ។
25ភយន្តរាយមកដល់ហើយ!
ពួកគេប្រាថ្នាចង់បានសេចក្ដីសុខ
តែគ្មានសេចក្ដីសុខឡើយ!
26មហន្តរាយកើតមានផ្ទួនៗគ្នា
ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។
គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីព្យាការី*
ដ្បិតពួកបូជាចារ្យ*លែងទូន្មានពួកគេ
ហើយពួកព្រឹទ្ធាចារ្យ*
ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
27ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម
ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។
យើងនឹងប្រព្រឹត្តចំពោះពួកគេ
តាមអំពើដែលពួកគេបានប្រព្រឹត្ត
យើងនឹងវិនិច្ឆ័យទោសពួកគេ
តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។
ពេលនោះ ពួកគេនឹងដឹងថា
យើងជាព្រះអម្ចាស់»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.