អេសេគាល 6

6
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អ៊ីស្រា‌អែល
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2«កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។ 3ចូរ​ពោល​ថា: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ភ្នំ​តូច​ធំ ព្រម​ទាំង​ជ្រោះ និង​ជ្រលង​ភ្នំ​ទាំង​អស់​ដូច​ត​ទៅ “យើង​មក​ដល់​ហើយ យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​អ្នក​រាល់​គ្នា។ 4អាសនៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ ហើយ​កន្លែង​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​បាក់​បែក​អស់​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មួយ​ចំនួន​ធំ ដួល​ស្លាប់​នៅ​មុខ​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ។ 5យើង​នឹង​យក​សាក‌សព​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។ 6គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។ 7មាន​ប្រជា‌ជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។
8ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​ឲ្យ​នៅ​សេស‌សល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ 9ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​ឲ្យ​ពួក​គេ​គ្រាំ‌គ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បម្រើ​ព្រះ​គួរ​ស្អប់​ខ្ពើម។ 10ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ យើង​មិន​មែន​និយាយ​ឥត​បាន​ការ​ទេ គឺ​យើង​ដាក់​ទោស​ពួក​គេ​តាម​ពាក្យ​របស់​យើង”។
11 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ចូរ​គក់​ទ្រូង និង​ទន្ទ្រាំ​ជើង ទាំង​ស្រែក​យំ​សោក​ស្ដាយ ព្រោះ​តែ​អំពើ​អាក្រក់​ថោក​ទាប ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​រាត‌ត្បាត។ 12អ្នក​នៅ​ឆ្ងាយ​នឹង​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត អ្នក​នៅ​ជិត​នឹង​ស្លាប់​ដោយ​មុខ​ដាវ អ្នក​ដែល​នៅ​សេស‌សល់ ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ និង​ស្លាប់​ដោយ​ទុរ្ភិក្ស។ យើង​នឹង​ដាក់​ទោស​ពួក​គេ រហូត​ចប់​ចុង​ចប់​ដើម តាម​កំហឹង​របស់​យើង។ 13ពេល​ណា​ប្រជា‌ជន​របស់​គេ​ដួល​ស្លាប់ ក្នុង​ចំណោម​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាសនៈ នៅ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​កំពូល​ភ្នំ ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី និង​ក្រោម​ដើម​ជ្រៃ​ដ៏​ស្កឹម‌ស្កៃ គឺ​ស្លាប់​នៅ​តាម​កន្លែង​ដែល​ពួក​គេ​ដុត​គ្រឿង​ក្រអូប សែន​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន នោះ​ទើប​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ 14យើង​នឹង​លើក​ដៃ​ប្រហារ​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ គឺ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ គឺ​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ក្រុង​ឌីបឡា។ ពេល​នោះ ទើប​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។

ទើបបានជ្រើសរើសហើយ៖

អេសេគាល 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល