អេសេគាល 5

5
ព្រះ‌ជាម្ចាស់​ដាក់​ទោស​អ៊ីស្រា‌អែល
1«កូន​មនុស្ស​អើយ ចូរ​យក​ដាវ​មួយ​យ៉ាង​មុត មក​ធ្វើ​កាំបិត​កោរ ហើយ​កោរ​សក់ និង​កោរ​ពុក​មាត់ ពុក​ចង្កា​របស់​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង បែង​ចែក​ជា​ច្រើន​ចំណែក។ 2ចូរ​យក​មួយ​ភាគ​បី​ទៅ​ដុត​កណ្ដាល​ទីក្រុង នៅ​ពេល​ផុត​កំណត់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​នោះ ចូរ​យក​មួយ​ភាគ​បី​ទៀត​ទៅ​កាប់​នឹង​ដាវ​ជុំ‌វិញ​ទីក្រុង ហើយ​បាច​មួយ​ភាគ​បី​ឲ្យ​ប៉ើង​ទៅ​តាម​ខ្យល់។ យើង​នឹង​យក​ដាវ​ដេញ​វាយ​ពី​ក្រោយ។ 3ត្រូវ​យក​មួយ​ចំនួន​តូច​មក​ចង​នឹង​ជាយ​សម្លៀក‌បំពាក់​របស់​អ្នក។ 4បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល»។
5 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ក្រុង​យេរូ‌សាឡឹម! យើង​បាន​ដាក់​ក្រុង​នេះ​នៅ​កណ្ដាល​ប្រជា‌ជាតិ​ទាំង‌ឡាយ និង​មាន​នគរ​ផ្សេងៗ​នៅ​ជុំ‌វិញ។ 6ប៉ុន្តែ អ្នក​ក្រុង​យេរូ‌សាឡឹម​បាន​បះ‌បោរ​ប្រឆាំង​នឹង​វិន័យ និង​ច្បាប់​របស់​យើង គឺ​ពួក​គេ​អាក្រក់​ជាង​ប្រជា‌ជាតិ និង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ទៅ​ទៀត ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​វិន័យ​របស់​យើង ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ»។ 7ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ព្រហើន​លើស​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​តាម​ច្បាប់ និង​វិន័យ​របស់​យើង​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ទម្លាប់​របស់​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ ក៏​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ផង។ 8ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌ជា‌អម្ចាស់ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ។ 9យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប​ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ 10 គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កម្ចាត់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។ 11ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ! ដោយ​អ្នក​បាន​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​ដ៏​ចង្រៃ មក​ដាក់​នៅ​ក្នុង​ទីសក្ការៈ​របស់​យើង ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង យើង​នឹង​ដក​ប្រជា‌ជន​ចេញ​ពី​អ្នក យើង​នឹង​មិន​អាណិត​មេត្តា​អ្នក​ទេ ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​ឥត​ត្រា​ប្រណី​ឡើយ។ 12ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។
13យើង​នឹង​បណ្ដោយ​តាម​កំហឹង​របស់​យើង រហូត​ចប់​ចុង​ចប់​ដើម។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ រហូត​ទាល់​តែ​អស់​ចិត្ត។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​និយាយ​ជា​មួយ​ពួក​គេ យើង​ដាក់​ទោស​គេ​តាម​កំហឹង​របស់​យើង ព្រោះ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ។ 14យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បាត់​បង់​កិត្តិយស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ។ 15ពេល​ឃើញ​យើង​វាយ​ប្រដៅ និង​ដាក់​ទោស​អ្នក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង​ដូច្នេះ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នឹង​មើល‌ងាយ ជេរ​ប្រមាថ​អ្នក។ ពួក​គេ​តក់‌ស្លុត ហើយ​យក​រឿង​របស់​អ្នក​ទៅ​ព្រមាន​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ។
16យើង​នឹង​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​ដល់​ប្រជា‌ជន​របស់​អ្នក បណ្ដាល​ឲ្យ​គេ​ឈឺ​ចុក​ចាប់ ដូច​មាន​ព្រួញ​បាញ់​រះ​ទៅ​លើ​ពួក​គេ​ឲ្យ​វិនាស។ យើង​នឹង​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​ដល់​ពួក​គេ កាន់​តែ​ខ្លាំង​ឡើង ដោយ​បំផ្លាញ​ស្បៀង​អាហារ​ដែល​ពួក​គេ​បាន​បង្ការ​ទុក។ 17 យើង​នឹង​ចាត់​ទុរ្ភិក្ស ព្រម​ទាំង​សត្វ​សាហាវ ទៅ​ប្រហារ​កូន​ចៅ​របស់​ពួក​គេ។ ជំងឺ​រាត‌ត្បាត ការ​បង្ហូរ​ឈាម សង្គ្រាម​នឹង​កើត​មាន​ដល់​ក្រុង​នេះ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ»។

ទើបបានជ្រើសរើសហើយ៖

អេសេគាល 5: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល