កាលប្រជាជនឃើញលោកម៉ូសេក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកធ្វើរូបព្រះ សម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។ លោកអើរ៉ុនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។ ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនលោកអើរ៉ុន។ លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ ឃើញដូច្នេះ លោកអើរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយព្រះអម្ចាស់»។ លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
អាន និក្ខមនំ 32
ស្ដាប់នូវ និក្ខមនំ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 32:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ