និក្ខមនំ 32:1-10

និក្ខមនំ 32:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។ លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។ លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។ កាល​លោក​អើរ៉ុន​ឃើញ​ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ លុះ​ស្អែក​ឡើង ប្រជាជាន​ទាំង​អស់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​គេ​ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចុះ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​របស់​អ្នក ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​បង្ខូច​ផ្លូវ​របស់​ខ្លួន​ហើយ ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។ ឥឡូវ​នេះ ទុក​ឲ្យ​យើង​ចុះ ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ឲ្យ​សាប​សូន្យ រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​នគរ​មួយ​ធំកើត​ចេញ​ពី​អ្នក​វិញ»។

ចែក​រំលែក
អាន និក្ខមនំ 32

និក្ខមនំ 32:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ប្រជា‌ជន​ឃើញ​លោក​ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។ លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អើរ៉ុន។ លោក​អើរ៉ុន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។ ឃើញ​ដូច្នេះ លោក​អើរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់»។ លុះ​ស្អែក​ឡើង ប្រជា‌ជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ប្រជា‌ជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង​រាំ​យ៉ាង​សប្បាយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹង‌រូស។ ឥឡូវ​នេះ ចូរ​ទុក​ឲ្យ​យើង​លុប​បំបាត់​ប្រជា‌ជន​នេះ ឲ្យ​វិនាស​សាប‌សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​ឲ្យ​ប្រជា‌ជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។

ចែក​រំលែក
អាន និក្ខមនំ 32

និក្ខមនំ 32:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បណ្តាជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជំរាប​ថា សូម​លោក​ធ្វើ​ព្រះ​សំរាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ​ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​ស្អាង​អាសនា​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តាជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។

ចែក​រំលែក
អាន និក្ខមនំ 32

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ