និក្ខមនំ 20:3-17

និក្ខមនំ 20:3-17 គខប

មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះអង្គ​ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។ ចូរ​រំឭក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះអង្គ​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។ ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។ កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។