និក្ខមនំ 20:3-17
និក្ខមនំ 20:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។ មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។ ចូរនឹកចាំពីថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាថ្ងៃបរិសុទ្ធ។ ក្នុងរវាងប្រាំមួយថ្ងៃ ត្រូវធ្វើអស់ទាំងកិច្ចការរបស់អ្នកចុះ តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទោះខ្លួនអ្នក កូនប្រុស ឬកូនស្រីរបស់អ្នកក្តី ទោះបាវបម្រើប្រុស បាវបម្រើស្រី ទោះសត្វរបស់អ្នក ឬអ្នកដទៃដែលនៅក្នុងផ្ទះរបស់អ្នកក្ដី។ ដ្បិតក្នុងរវាងប្រាំមួយថ្ងៃ ព្រះយេហូវ៉ាបានបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ ហើយដល់ថ្ងៃទីប្រាំពីរ ព្រះអង្គឈប់សម្រាក ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស។ កុំប្រព្រឹត្តអំពើផិតក្បត់។ កុំលួចប្លន់គេ។ កុំធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងរបស់ខ្លួន។ កុំលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួន កុំលោភចង់បានប្រពន្ធគេ ឬបាវបម្រើប្រុសស្រីរបស់គេ គោ លា ឬអ្វីផ្សេងទៀតដែលជារបស់អ្នកជិតខាងខ្លួនឡើយ»។
និក្ខមនំ 20:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។ ចូររំឭកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។ អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស។ កុំប្រព្រឹត្តអំពើផិតក្បត់។ កុំលួចប្លន់គេ។ កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។ កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
និក្ខមនំ 20:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ តែអញផ្តល់សេចក្ដីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់អញទាំងប៉ុន្មានវិញ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។ ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។ កុំឲ្យសំឡាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។ កុំឲ្យលួចប្លន់ឲ្យសោះ។ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។