សាស្ដា 6
6
1ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ 2ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ 3ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ 4កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ 5វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ 6ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។
7កិច្ចការទាំងប៉ុន្មាន ដែលមនុស្សខំប្រឹងប្រែងធ្វើ បានត្រឹមតែចម្អែតក្រពះប៉ុណ្ណោះ តែពុំអាចធ្វើឲ្យគេស្កប់ចិត្តឡើយ។ 8តើមនុស្សមានប្រាជ្ញាទទួលបានអ្វីលើសមនុស្សលេលា? រីឯអ្នកក្រដែលខំតស៊ូក្នុងជីវិតនោះ តើបានប្រយោជន៍អ្វីដែរ? 9អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
យោបល់របស់ប្រាជ្ញា
10អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។ 11យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសម្ដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីបានឡើយ។ 12ជីវិតរបស់មនុស្សប្រៀបបាននឹងស្រមោល។ គ្មាននរណាអាចដឹងថា ខ្លួនត្រូវធ្វើការអ្វីដែលប្រសើរជាងគេ នៅពេលដែលខ្លួនរស់នៅក្នុងជីវិតដ៏ខ្លី ហើយឥតន័យនេះឡើយ។ គ្មាននរណាអាចថ្លែងប្រាប់មនុស្សអំពីហេតុការណ៍ ដែលកើតមាន នៅលើផែនដី ក្រោយពេលគេស្លាប់ផុតទៅហើយនោះដែរ។
ទើបបានជ្រើសរើសហើយ៖
សាស្ដា 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.