សាស្ដា 7

7
1 កេរ្តិ៍​ឈ្មោះ​ល្អ
ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប
ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។
2ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ
ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង
ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់
ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។
3ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ
ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ
ចិត្ត​អរ​សប្បាយ។
4មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត
នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ
រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា
ដែល​មាន​ការ​សប្បាយ។
5ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា
ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់
មនុស្ស​ល្ងី‌ល្ងើ។
6សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា
ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។
ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។
7ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច
សង្កត់‌សង្កិន​អ្នក​ដទៃ
អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា
ហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យ
មនុស្ស​ពុក​រលួយ​ដែរ។
8បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើម
ចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។
9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ
ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ
ដែល​រហ័ស​មួម៉ៅ។
10មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។
11ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ 12ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។
13ចូរ​សង្កេត​មើល​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។
14នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីក‌រាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះគិត​ពិចារណា។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​ឲ្យ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។
អំពើ​បាប​របស់​មនុស្ស
15ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។ 16កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។ 17កុំ​បណ្ដោយ​ខ្លួន​ឲ្យ​អាក្រក់​ហួស​ហេតុ ហើយ​ក៏​កុំ​លេលា​ឲ្យ​សោះ ក្រែង​នាំ​ឲ្យ​ខ្លួន​អាយុ​ខ្លី។ 18ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ នៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជានិច្ច។
19ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។ 20នៅ​លើ​ផែនដី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ធ្វើ​តែ​អំពើ​ល្អ ហើយ​មិន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ឡើយ។
21ហេតុ​នេះ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​មនុស្ស‌ម្នា​និយាយ​ឡើយ បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​អ្នក​ឮ​ខ្ញុំ​បម្រើ​របស់​អ្នក​និយាយ​អាក្រក់​ពី​អ្នក។ 22អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។
23ខ្ញុំ​ពិនិត្យ‌ពិច័យ​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ 24អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។ 25ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិត‌ខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណ‌ញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងី‌ល្ងើ​ជា​ការ​លេលា​បំផុត។ 26ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។
27សាស្ដា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល 28ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។ 29ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

សាស្ដា 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល