អេម៉ុស 2
2
ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកម៉ូអាប់បាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដុតធាតុរបស់ស្ដេច
ស្រុកអេដុមឲ្យទៅជាផេះ។
2ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងកេរីយ៉ុតផង។
ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់
សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
3យើងនឹងដកស្ដេចចេញពីពួកគេ
ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងស្រុកយូដា
4 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកយូដាបាន
ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានបោះបង់ចោល
ក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់
ហើយមិនកាន់តាមច្បាប់របស់យើងទេ។
ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ
ដូចដូនតារបស់ពួកគេដែរ។
5ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងយេរូសាឡឹមផង»។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រាអែល
6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអ៊ីស្រាអែលបាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់
និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។
7ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត
ហើយរំលោភសិទ្ធិប្រជាជនតូចតាច។
កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់
ពួកគេធ្វើដូច្នេះ
ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8នៅក្បែរអាសនៈរបស់ពួកគេ
ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ
យកមកបញ្ចាំ។
ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ
ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
9 រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី
ដែលមានកម្ពស់ដូចដើមគគីរ
និងមានកម្លាំងដូចដើមម៉ៃសាក់
ឲ្យវិនាសសាបសូន្យនៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
10យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន
អស់រយៈពេលសែសិបឆ្នាំ
ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
11 យើងបានធ្វើឲ្យពួកព្យាការីងើបឡើង
ពីចំណោមកូនចៅរបស់អ្នករាល់គ្នា
និងឲ្យពួកណាសារីត*ងើបឡើង
ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា
តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត*
អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ
ថ្លែងពាក្យក្នុងនាមយើង
13ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា
ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់
ដែលនៅក្រោមកង់។
14អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ
អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង
អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
15អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន
អ្នកពូកែរត់ក៏រត់មិនរួច
អ្នកជិះសេះពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
16នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ
នឹងរត់ទៅទាំងខ្លួនទទេ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.