ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឲ្យគេយ៉ាងស្រួលៗ។ ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។ ពេលខ្ញុំប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ? ខ្ញុំបានទទួលប្រាក់ពីក្រុមជំនុំ*ឯទៀតៗ ធ្វើឲ្យគេខ្វះខាតខ្លះៗ ដើម្បីបម្រើបងប្អូន។ ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។ ខ្ញុំសូមបញ្ជាក់ដោយមានសេចក្ដីពិតរបស់ព្រះគ្រិស្តនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្តិយសខ្ញុំត្រង់ចំណុចនេះឡើយ។ ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។ ជនប្រភេទនោះសុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រិស្ត*។ ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ*សាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្តជាមិនខាន។ ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កុំឲ្យនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកឲ្យខ្ញុំលេលាទៅចុះ ដើម្បីឲ្យខ្ញុំអាចអួតខ្លួនបន្តិចដែរ។ សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។ ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ! បងប្អូនជាមនុស្សដឹងខុសត្រូវ តែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។ ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ ប៉ុន្តែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។ អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ! អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ត*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។ ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ ចំនួនប្រាំដង។ គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។ ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។ ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ! ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។ កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក ។
អាន ២ កូរិនថូស 11
ស្ដាប់នូវ ២ កូរិនថូស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 11:4-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ