២ របាក្សត្រ 11:5-23

២ របាក្សត្រ 11:5-23 គខប

ព្រះ‌បាទ​រេហូ‌បោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា បេត-‌ស៊ើរ សូគរ អាឌូ‌ឡាំ កាថ ម៉ារី‌សា ស៊ីភ អាដូ‌រែម ឡាគីស អាសេ‌កា សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។ ព្រះ‌បាទ​រេហូ‌បោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ​បញ្ជា​ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។ នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន ត្រៀម​ទុក។ ស្ដេច​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹង‌មាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួត‌ត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​បេន‌យ៉ាមីន។ ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​រេហូ‌បោម។ ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ស្ដេច​បាន​សូន។ រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។ ព្រះ‌នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្ដេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។ ក្រោយ​មក ព្រះ‌បាទ​រេហូ‌បោម​បាន​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។ ព្រះ‌បាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្ដេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ​បី​អង្គ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។ ព្រះ‌បាទ​រេហូ‌បោម​លើក​សម្ដេច​អប៊ី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្ដេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។ ស្ដេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​បុត្រ​ទាំង​នោះ​ផង។