២ របាក្សត្រ 11
11
1ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ស្ដេចប្រមូលទាហានក្នុងពូជពង្សយូដា និងបេនយ៉ាមីន បានចំនួន ១៨០ ០០០នាក់ ដែលសុទ្ធតែជាអ្នកចម្បាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរេហូបោមវិញ។ 2ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ 3«ចូរប្រាប់រេហូបោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា 4ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះបាទយេរ៉ូបោមទេ។
ព្រះបាទរេហូបោមសង់ក្រុងនានា
5ព្រះបាទរេហូបោមគង់នៅក្នុងក្រុងយេរូសាឡឹម ហើយស្ដេចបានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា 6គឺមានបេថ្លេហិម អេថាម ត្កូអា 7បេត-ស៊ើរ សូគរ អាឌូឡាំ 8កាថ ម៉ារីសា ស៊ីភ 9អាដូរែម ឡាគីស អាសេកា 10សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងបេនយ៉ាមីន។ 11ព្រះបាទរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។ 12នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើន ត្រៀមទុក។ ស្ដេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីបេនយ៉ាមីន។
ពួកបូជាចារ្យ និងពួកលេវី រួបរួមជាមួយព្រះបាទរេហូបោម
13ពួកបូជាចារ្យ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយព្រះបាទរេហូបោម។ 14ពួកលេវីបោះបង់ចោលផ្ទះសំបែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។ 15 ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។ 16រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។ 17ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
រាជវង្សរបស់ព្រះបាទរេហូបោម
18ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។ 19ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្ដេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
20ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។ 21ព្រះបាទរេហូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម ជាងមហេសី និងស្រីស្នំឯទៀតៗ។ ស្ដេចមានមហេសីទាំងអស់ដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។ 22ព្រះបាទរេហូបោមលើកសម្ដេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្ដេចសព្វព្រះហឫទ័យឲ្យសម្ដេចអប៊ីយ៉ាឡើងគ្រងរាជ្យ។ 23ស្ដេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 11: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.