២ របាក្សត្រ 11:5-23

២ របាក្សត្រ 11:5-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​រេហូ‌បោម​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សម្រាប់​ការពារ​ស្រុក។ ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា បេត-ស៊ើរ សូគរ អាឌូឡាម កាថ ម៉ារី‌សា ស៊ីភ អាដូ‌រែម ឡាគីស អាសេ‌កា សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រុន ដែល​នៅ​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់។ ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។ ទ្រង់​បាន​បម្រុង​ទុក​ខែល និង​លំពែង​នៅ​ក្នុង​ទី​ក្រុង​នីមួយៗ ហើយ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​នោះ​រឹង​មាំ​បំផុត។ ដូច្នេះ ទ្រង់​បាន​ពង្រឹង​ការ​ត្រួតត្រា​លើ​ស្រុក​យូដា និង​ទឹក​ដី​បេនយ៉ាមីន។ ពួក​សង្ឃ និង​ពួក​លេវី ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន នាំ​គ្នា​មក​រួម​ជា‌មួយ​ទ្រង់​ទាំង​អស់។ ពួក​លេវី​បាន​ចាក​ចោល​ពី​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​របស់​ទ្រង់​បាន​បោះ‌បង់​គេ​ចោល មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទៀត​ទេ ហើយ​បាន​តាំង​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​សង្ឃ​វិញ នៅ​តាម​កន្លែង​ទី​ខ្ពស់ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​សូន្យ។ រីឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​តាម​ពួក​លេវី​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុព្វ‌បុរស​គេ។ គេ​បាន​ពង្រឹង​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម បុត្រ​ព្រះបាទ​សាឡូម៉ូន​មាន​កម្លាំង​អស់​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​រវាង​បី​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន។ ព្រះបាទ​រេហូ‌បោម​បាន​រៀប​អភិសេក​ជា‌មួយ​ព្រះនាង​ម៉ាហា‌ឡាត់ ជា​បុត្រី​របស់​ស្ដេច​យេរី‌ម៉ូត ពូជ‌ពង្ស​ព្រះបាទ​ដាវីឌ និង​នាង​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ។ ព្រះ‌នាង​ប្រសូត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​យេអ៊ូស សេម៉ា‌រីយ៉ា និង​សាហាំ។ ក្រោយ​មក ទ្រង់​បាន​អភិសេក​ជា‌មួយ​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម ព្រះនាង​ប្រសូត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូ‌មិត។ ព្រះបាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម លើស​ជាង​មហេសី និង​ពួក​អ្នក​ម្នាង​ផ្សេងៗ​ទៀត (ដ្បិត​ទ្រង់​បាន​យក​ភរិយា​ដប់​ប្រាំបី និង​អ្នក​ម្នាង​ហុកសិប ក៏​បង្កើត​បាន​បុត្រា​ម្ភៃប្រាំបី​អង្គ និង​បុត្រី​ហុកសិប​អង្គ)។ ព្រះបាទ​រេហូ‌បោម​បាន​តែងតាំង​អ័ប៊ីយ៉ា បុត្រា​របស់​ព្រះនាង​ម្អាកា ឲ្យ​ធ្វើ​ជា​ប្រធាន​លើ​ពួក​បង‌ប្អូន​ទាំង​ប៉ុន្មាន ដ្បិត​ទ្រង់​មាន​បំណង​តាំង​ឡើង​ជា​ស្តេច។ ទ្រង់​បាន​ចាត់​ចែង​ដោយ​ឈ្លាសវៃ គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។

២ របាក្សត្រ 11:5-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​រេហូ‌បោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា បេត-‌ស៊ើរ សូគរ អាឌូ‌ឡាំ កាថ ម៉ារី‌សា ស៊ីភ អាដូ‌រែម ឡាគីស អាសេ‌កា សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។ ព្រះ‌បាទ​រេហូ‌បោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ​បញ្ជា​ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។ នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន ត្រៀម​ទុក។ ស្ដេច​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹង‌មាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួត‌ត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​បេន‌យ៉ាមីន។ ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​រេហូ‌បោម។ ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ស្ដេច​បាន​សូន។ រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។ ព្រះ‌នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្ដេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។ ក្រោយ​មក ព្រះ‌បាទ​រេហូ‌បោម​បាន​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។ ព្រះ‌បាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្ដេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ​បី​អង្គ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។ ព្រះ‌បាទ​រេហូ‌បោម​លើក​សម្ដេច​អប៊ី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្ដេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។ ស្ដេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​បុត្រ​ទាំង​នោះ​ផង។

២ របាក្សត្រ 11:5-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ស្តេច​រេហូ‌បោម​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សំរាប់​ការ‌ពារ​ស្រុក ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា បេត-ស៊ើរ សូគរ អាឌូឡាម កាថ ម៉ារីសា ស៊ីភ អាដូរែម ឡាគីស អាសេកា សូរ៉ាស់ អាយ៉ា‌ឡូន នឹង​ហេប្រុន ដែល​នៅ​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់ ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង ហើយ​នៅ​គ្រប់​ទាំង​ទី​ក្រុង ទ្រង់​បាន​បំរុង​ទុក​ខែល នឹង​លំពែង ឲ្យ​ទី​ក្រុង​ទាំង​នោះ​បាន​មាន​កំឡាំង​ក្រៃ‌លែង ឯ​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន នោះ​ជា​របស់​ផង​ទ្រង់។ ឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន​មូល​មក​ឯ​ទ្រង់​ទាំង​អស់ ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ នឹង​កេរ្តិ៍អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម នឹង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ សំរាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល នឹង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ នឹង​សាឡូម៉ូន។ ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ នឹង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ ព្រះ‌នាង​នោះ​បង្កើត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​យេអ៊ូស សេម៉ា‌រីយ៉ា នឹង​សាហាំ បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា នឹង​សឡូមិត​ថ្វាយ​ទ្រង់ រេហូ‌បោម​ទ្រង់​ស្រឡាញ់​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម លើស​ជាង​អស់​ទាំង​ភរិយា នឹង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់ (ដ្បិត​ទ្រង់​បាន​យក​ភរិយា​១៨ នឹង​អ្នក‌ម្នាង​៦០ ក៏​បង្កើត​បាន​បុត្រា​២៨​អង្គ នឹង​បុត្រី​៦០​អង្គ) រេហូ‌បោម​ទ្រង់​តាំង​អ័ប៊ីយ៉ា ជា​បុត្រា​នៃ​នាង​ម្អាកាទុក​ជា​បុត្រ​ធំ គឺ​ជា​ប្រធាន​ក្នុង​ពួក​បង​ប្អូន​ទាំង​ប៉ុន្មាន ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ធ្វើ​ដោយ​ឆ្លាត គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។