កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវជួយស្ត្រីមេម៉ាយ ណាដែលគ្មានទីពឹង ។ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។ អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនប្រជាជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។ ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្តមិនខាន ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសឡើយ ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ ប្រសិនបើស្ត្រីម្នាក់ ដែលជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យក្រុមជំនុំ*ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹង។ ព្រឹទ្ធាចារ្យ*ទាំងឡាយណានាំមុខក្រុមជំនុំបានល្អប្រពៃ ត្រូវលើកកិត្តិយសគាត់មួយទ្វេជាពីរ ជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និងបង្រៀនគេ ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «កម្មករត្រូវតែទទួលប្រាក់ឈ្នួល» ។ បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ បើមានបងប្អូនណាប្រព្រឹត្តអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
អាន ១ ធីម៉ូថេ 5
ស្ដាប់នូវ ១ ធីម៉ូថេ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 5:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ