១ ធីម៉ូថេ 5:1-20

១ ធីម៉ូថេ 5:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ស្តី​បន្ទោស​មនុស្ស​ចាស់​ឡើយ តែ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​ឪពុក ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក ត្រូវ​ទុក​ដូច​ជា​ប្អូន ស្ត្រី​ចាស់ៗ ទុក​ដូចជា​ម្តាយ ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។ ត្រូវ​គោរព​ស្ត្រី​មេម៉ាយ ដែល​ពិត​ជាស្ត្រី​មេម៉ាយ មែន តែ​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅទាំង​នោះ​រៀន​បំពេញ​ករណីយកិច្ច​ដល់​ក្រុម​គ្រួសាររបស់​ខ្លួន ហើយ​ចេះ​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ធ្វើ​ដូច្នេះ ទើប​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ។ រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ម្នាក់ឯង ស្ត្រី​នោះ​សង្ឃឹម​លើ​ព្រះ​តែ​ប៉ុណ្ណោះ ក៏​ព្យាយាម​ក្នុង​ការ​ទូល​អង្វរ និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ តែ​ស្ត្រី​មេម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប​ស្រាល ទោះ​បើ​នៅ​រស់​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ដែរ។ ចូរ​បង្គាប់​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន។ បើ​អ្នក​ណា​មិន​ផ្គត់‌ផ្គង់​ញាតិ​សន្តាន​របស់​ខ្លួន ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ‌បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។ ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​កត់ចូល​ក្នុង​បញ្ជី ត្រូវ​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្តី​តែ​មួយ​ប៉ុណ្ណោះ គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។ តែ​ចំពោះ​ស្ត្រី​មេម៉ាយ​ដែល​ក្មេង​ជាង​នេះ មិន​ត្រូវ​កត់​ចូល​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ពួកនាង​មាន​ចិត្ត​ស្រើប​ស្រាល ពួក​នាងនឹង​ឃ្លាត​ចេញ​ពី​ព្រះ‌គ្រីស្ទ ហើយ​ចង់រៀប​ការ​ទៀត ដូច្នេះ ពួក​នាង​ត្រឡប់​ជា​មាន​ទោស ព្រោះ​បាន​បំពាន​សេចក្ដី​សន្យា​ពីមុន។ មួយ​វិញ​ទៀត ពួក​នាង​ទម្លាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​និយាយ។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេម៉ាយ​ដែល​នៅ​ក្មេង​រៀប​ការ​ទៅ ដើម្បី​បង្កើត​កូន ហើយ​គ្រប់​គ្រង​ផ្ទះ​សំបែង​របស់​ខ្លួន កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​នឹង​និយាយ​បង្ខូច។ ដ្បិត​មាន​ពួក​នាង​ខ្លះ​បាន​ងាក​បែរ​ទៅ​តាម​អារក្ស​សាតាំង​រួច​ទៅ​ហើយ។ ប្រសិន‌បើ​ស្ដ្រី​ណា​ជា​អ្នក​ជឿ មាន​សាច់​ញាតិ​ដែល​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ឲ្យ​នាង​ជួយ​ទំនុកបម្រុង​ស្ត្រី​មេម៉ាយ​ទាំង​នោះ មិន​ត្រូវឲ្យ​ក្រុម​ជំនុំ​មាន​បន្ទុក​ឡើយ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​អាច​ជួយ​ដល់​អ្នក​ដែល​ជា​ស្ត្រី​មេម៉ាយ​ពិត​ប្រាកដ។ ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។ ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោនៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «ជើង​ឈ្នួល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល» ។ កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។ ចំណែក​អស់​អ្នក​ដែលនៅ​តែ​មានះ​ក្នុង​អំពើ​បាប ត្រូវ​បន្ទោស​គេ​នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀតបាន​ខ្លាច​ដែរ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 5

១ ធីម៉ូថេ 5:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ទូន្មាន​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្ដាយ និង​ស្ត្រី​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។ ត្រូវ​ជួយ​ស្ត្រី​មេ‌ម៉ាយណា​ដែល​គ្មាន​ទី​ពឹង។ ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។ រីឯ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប‌ស្រាល ថ្វី‌ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។ អ្នក​ត្រូវ​ដាស់‌តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​នាង​មាន​កំហុស។ អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។ ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។ គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។ ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ដែល​នៅ​ក្មេង​វិញ កុំ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ដែល​នាង​ស្រើប‌ស្រាល​ចង់​បាន​ប្ដី​ទៀត​នោះ នាង​មុខ​ជា​ដាច់​ចេញ​ពី​ព្រះ‌គ្រិស្ត​មិន​ខាន ហើយ​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដោយ​ផ្ដាច់​ពាក្យ​ដែល​ខ្លួន​បាន​សន្យា​ពី​មុន។ មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។ ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀបការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​ឡើយ ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។ ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ក្រុម‌ជំនុំ*​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុម‌ជំនុំ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។ ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល» ។ បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ បើ​មាន​បងប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។

ចែក​រំលែក
អាន ១ ធីម៉ូថេ 5

១ ធីម៉ូថេ 5:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ ឯ​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្ដី​បរិសុទ្ធ​សព្វ​គ្រប់ ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ​មែន តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិ‌បត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ នឹង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ តែ​មេម៉ាយ​ណា​ដែល​នៅ​តែ​ស្រើប‌ស្រាល នោះ​ទោះ​បើ​រស់​នៅ​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ ចូរ​ហាម​គេ​ពី​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន​ឡើយ បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ដើម ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ទៀត​ផង ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់‌គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ ដ្បិត​មាន​អ្នក​ខ្លះ​ងាក​បែរ​ទៅ តាម​អារក្ស​សាតាំង​ហើយ បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស​ឬ​ស្រី ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់‌ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។ អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន» កុំ​ឲ្យ​ស្តាប់​សេចក្ដី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់‌ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២​ឬ​៣​នាក់ ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ

ចែក​រំលែក
អាន ១ ធីម៉ូថេ 5