១ ធីម៉ូថេ 5
5
ដំបូន្មានស្ដីអំពីការមើលខុសត្រូវលើអ្នកជឿ
1កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន 2ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។
3ត្រូវជួយស្ត្រីមេម៉ាយ ណាដែលគ្មានទីពឹង ។ 4ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ 5ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ 6រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។ 7អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ 8អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ 10គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនប្រជាជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។
11ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្តមិនខាន 12ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ 13មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ 14ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសឡើយ 15ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ 16ប្រសិនបើស្ត្រីម្នាក់ ដែលជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យក្រុមជំនុំ*ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹង។
17ព្រឹទ្ធាចារ្យ*ទាំងឡាយណានាំមុខក្រុមជំនុំបានល្អប្រពៃ ត្រូវលើកកិត្តិយសគាត់មួយទ្វេជាពីរ ជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និងបង្រៀនគេ 18 ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។ 19 បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ 20បើមានបងប្អូនណាប្រព្រឹត្តអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
21ខ្ញុំសុំអង្វរអ្នកនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្តយេស៊ូ និងនៅចំពោះមុខទេវតា* ដែលព្រះអង្គបានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។ 22កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ*។ 23កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ 24អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ 25រីឯអំពើល្អក៏នឹងលេចមកឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងឡើយ។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.