១ ពង្សាវតារក្សត្រ 15:15-25

១ ពង្សាវតារក្សត្រ 15:15-25 គខប

ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។ ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។ ព្រះ‌បាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​រាជ​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ទូល​ថា៖ «ទូលបង្គំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូលបង្គំ»។ ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។ កាល​ព្រះ‌បាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ធើសា​វិញ។ ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។ រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះ‌បាទា។ កាល​ព្រះ‌បាទ​អេសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវតារក្សត្រ 15:15-25

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ