Revelation 2
2
1 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះថា
2 យើងស្គាល់ការប្រព្រឹត្ដិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្ដែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។
3 អ្នកបានអត់ធ្មត់ ហើយស៊ូទ្រាំដោយព្រោះឈ្មោះរបស់យើង ឥតនឿយណាយឡើយ
4 ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមរបស់អ្នកហើយ។
5 ដូច្នេះចូរនឹកចាំពីកន្លែងដែលអ្នកបានធ្លាក់ចុះ រួចប្រែចិត្ដ ហើយប្រព្រឹត្ដអំពើដែលអ្នកបានប្រព្រឹត្ដកាលពីដើមនោះវិញ បើមិនដូច្នេះទេ យើងនឹងមកឯអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ដ។
6 ប៉ុន្ដែអ្នកមានសេចក្ដីនេះ គឺអ្នកស្អប់ការប្រព្រឹត្ដិរបស់ពួកនីកូឡាសដែលយើងក៏ស្អប់ដែរ។
7 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
8 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
9 យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។
10 កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
11 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។
12 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាឋ ព្រះអង្គដែលមានដាវមុខពីរដ៏មុតឋ មានបន្ទូលដូច្នេះថា
13 យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
14 ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីខ្លះ ពីព្រោះក្នុងចំណោមអ្នក មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបានបង្រៀនបាឡាកឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែល ដើម្បីនាំពួកគេឲ្យបរិភោគសំណែនដល់រូបព្រះ ហើយឲ្យប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ
15 ហើយក្នុងចំណោមអ្នក ក៏មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសយ៉ាងដូច្នោះដែរ។
16 ដូច្នេះ ចូរប្រែចិត្ដ បើមិនដូច្នោះទេ យើងនឹងមកឯអ្នកយ៉ាងឆាប់ ហើយច្បាំងនឹងពួកគេដោយដាវដែលចេញពីមាត់របស់យើង។
17 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះ ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានសរសេរឈ្មោះថ្មីមួយ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។
18 «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
19 យើងស្គាល់ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ ការបម្រើ និងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា ការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត
20 ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះ គឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូល បង្រៀន ហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងបរិភោគសំណែនដល់រូបព្រះទៀតផង
21 យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដ ប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
22 មើល៍ យើងនឹងបោះនាងទៅលើគ្រែ ហើយបោះពួកអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែពួកគេប្រែចិត្តពីការប្រព្រឹត្ដិរបស់នាង។
23 យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន
24 ប៉ុន្ដែអ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ាដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺដែលមិនបានស្គាល់សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ
25 ប៉ុន្ដែចូរកាន់ខ្ជាប់សេចក្ដីដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។
26 អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ
27 អ្នកនោះនឹងគ្រប់គ្រងពួកគេដោយដំបងដែក និងកម្ទេចពួកគេដូចជាភាជនៈធ្វើពីដីឥដ្ឋ
28 គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរ ហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។
29 អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
ទើបបានជ្រើសរើសហើយ៖
Revelation 2: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.