Revelation 1
1
1 នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។
2 លោកយ៉ូហានបានធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីបន្ទាល់របស់ព្រះយេស៊ូគ្រិស្ដ គឺជាហេតុការណ៍ទាំងឡាយដែលគាត់បានឃើញ។
3 មានពរហើយអ្នកណាដែលអាន និងស្ដាប់ពាក្យថ្លែងព្រះបន្ទូលទាំងនេះ ហើយកាន់តាមសេចក្ដីទាំងឡាយដែលបានចែងទុកនៅក្នុងនោះ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
4 ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី។ សូមឲ្យអ្នករាល់គ្នាទទួលបានព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរដែលនៅពីមុខបល្ល័ង្ករបស់ព្រះអង្គ
5 ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ
6 ព្រមទាំងធ្វើឲ្យយើងត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់ព្រះអង្គបានប្រកបដោយសិរីរុងរឿង និងព្រះចេស្ដារហូតអស់កល្បជានិច្ច។ អាម៉ែន។
7 មើល៍ ព្រះអង្គយាងមកនៅលើពពក នោះគ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែពួកអ្នកដែលបានចាក់ព្រះអង្គផង ហើយមនុស្សទាំងអស់នៅលើផែនដីនឹងទួញសោកដោយព្រោះព្រះអង្គ នោះប្រាកដជាមានដូច្នោះមែន។ អាម៉ែន។
8 ព្រះអម្ចាស់ដ៏ជាព្រះដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
9 ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ហើយជាអ្នករួមចំណែកជាមួយអ្នករាល់គ្នានៅក្នុងព្រះយេស៊ូ គឺនៅក្នុងសេចក្ដីវេទនា នៅក្នុងនគរ និងនៅក្នុងការស៊ូទ្រាំ។ ខ្ញុំបាននៅលើកោះប៉ាត់ម៉ុសដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។
10 នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ
11 បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
12 ខ្ញុំក៏បែរទៅមើលសំឡេងដែលមានបន្ទូលមកខ្ញុំនោះ ពេលបែរទៅហើយ ខ្ញុំក៏ឃើញជើងចង្កៀងមាសប្រាំពីរ
13 ហើយនៅកណ្ដាលជើងចង្កៀងនោះ មានម្នាក់ដូចជាកូនមនុស្ស ពាក់អាវវែងដល់ជើង ហើយពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។
14 សក់របស់លោកសដូចជារោមចៀមពណ៌ស គឺសដូចជាព្រឹល ហើយភ្នែករបស់លោកដូចជាអណ្ដាតភ្លើង
15 ជើងរបស់លោកដូចជាលង្ហិនដ៏ភ្លឺរលោងដែលគេដុតនៅក្នុងឡភ្លើង ហើយសំឡេងរបស់លោកដូចជាសំឡេងទឹកជាច្រើនដែលឮយ៉ាងខ្លាំង។
16 លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។
17 ពេលខ្ញុំឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោក ដូចជាមនុស្សស្លាប់ ប៉ុន្ដែលោកបានដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖ «កុំខ្លាចអី! យើងជាមុនគេ និងជាក្រោយគេ
18 ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។
19 ដូច្នេះចូរកត់ត្រាហេតុការណ៍ទាំងឡាយដែលអ្នកបានឃើញ គឺហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលនឹងមកតាមក្រោយ។
20 រីឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ ផ្កាយទាំងប្រាំពីរជាទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះហើយ»។
ទើបបានជ្រើសរើសហើយ៖
Revelation 1: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.