Mark 2
2
1 ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គបានយាងចូលក្នុងក្រុងកាពើណិមម្ដងទៀត ហើយគេឮថាព្រះអង្គគង់នៅផ្ទះមួយ
2 មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ
3 ហើយមានមនុស្សបួននាក់បានសែងអ្នកស្លាប់ដៃជើងម្នាក់មកឯព្រះអង្គ
4 តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូលចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សំរូតមនុស្សស្លាប់ដៃជើងដែលកំពុងដេកលើកន្ទេលនោះចុះ
5 ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»
6 មានគ្រូវិន័យខ្លះកំពុងអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖
7 «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?»
8 ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាមពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ?
9 តើការដែលនិយាយទៅកាន់អ្នកស្លាប់ដៃជើងថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ដើរទៅ មួយណាស្រួលជាង?
10 ប៉ុន្ដែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖
11 «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះចុះ»
12 គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
13 ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។
14 ពេលកំពុងយាងកាត់តាមទីនោះ ព្រះអង្គបានឃើញលោកលេវី ជាកូនលោកអាល់ផាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» គាត់បានក្រោកឈរឡើង រួចដើរតាមព្រះអង្គទៅ។
15 បន្ទាប់មក ព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវី ហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើនកំពុងដើរតាមព្រះអង្គ
16 គ្រូវិន័យខាងគណៈផារិស៊ី ពេលឃើញព្រះអង្គបរិភោគអាហារជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ ក៏សួរពួកសិស្សព្រះអង្គថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធដារ និងមនុស្សបាបដូច្នេះ?»
17 នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
18 ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?»
19 ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ
20 ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងៃនោះ។
21 គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើសមុនទៅទៀត
22 ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
23 នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ
24 ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្ដេចបានជាគេធ្វើអ្វីដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?»
25 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលពួកគេមានសេចក្ដីត្រូវការ ហើយឃ្លានទេឬ?
26 នៅសម័យសម្ដេចសង្ឃអ័បៀថើរ ស្ដេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង»
27 រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
28 ដូច្នេះ កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
ទើបបានជ្រើសរើសហើយ៖
Mark 2: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.