Mark 15
15
1 លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
2 លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គឆ្លើយថា៖ «លោកនិយាយត្រូវហើយ!»
3 ពួកសម្ដេចសង្ឃក៏ចោទប្រកាន់ព្រះអង្គពីរឿងជាច្រើន
4 លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកគ្មានអ្វីត្រូវឆ្លើយទេឬ? មើលគេចោទប្រកាន់អ្នកច្រើនណាស់»
5 ប៉ុន្ដែព្រះយេស៊ូមិនបានឆ្លើយអ្វីទេ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់។
6 រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ
7 មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ
8 ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមទៅសុំលោកពីឡាត់ឲ្យដោះលែងអ្នកទោស ដូចដែលគាត់ធ្លាប់ធ្វើសម្រាប់ពួកគេ
9 ប៉ុន្ដែលោកពីឡាត់ឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចរបស់ជនជាតិយូដាដល់អ្នករាល់គ្នាវិញទេ?»
10 ព្រោះគាត់ដឹងថា ពួកសម្ដេចសង្ឃប្រគល់ព្រះអង្គឲ្យគាត់ ដោយព្រោះសេចក្ដីឈ្នានីស
11 ប៉ុន្ដែពួកសម្ដេចសង្ឃបានញុះញង់បណ្ដាជនឲ្យសុំគាត់ដោះលែងបារ៉ាបាសឲ្យពួកគេវិញ
12 លោកពីឡាត់ឆ្លើយនឹងពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេចជាមួយនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចរបស់ជនជាតិយូដានេះ?»
13 ពួកគេស្រែកឡើងម្ដងទៀតថា៖ «ឆ្កាងវាទៅ!»
14 ប៉ុន្ដែលោកពីឡាត់បាននិយាយទៅពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» ប៉ុន្ដែពួកគេស្រែកកាន់តែខ្លាំងឡើងៗ «ឆ្កាងវាទៅ!»
15 ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។
16 ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា
17 ពួកគេបានបំពាក់សំពត់ព៌ណស្វាយឲ្យព្រះអង្គ និងយកមកុដបន្លាដែលគេក្រង មកបំពាក់ឲ្យព្រះអង្គ
18 រួចពួកគេចាប់ផ្ដើមគំនាប់ព្រះអង្គ ដោយចំអកថា៖ «សូមថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!»
19 ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។
20 កាលពួកគេចំអកឲ្យព្រះអង្គរួចហើយ ក៏ដោះសំពត់ពណ៌ស្វាយពីព្រះអង្គ និងបានបំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចក៏នាំព្រះអង្គចេញ ដើម្បីយកទៅឆ្កាង។
21 មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុករបស់អ័លេក្សានត្រុស និងរូភូស ដែលបានមកពីចម្ការតាមផ្លូវនោះ ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
22 ពួកគេនាំព្រះអង្គទៅកន្លែងមួយឈ្មោះ គាល់កូថា (ដែលប្រែថា តំបន់លលាដ៍ក្បាល)
23 ពួកគេឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរលាយជាមួយថ្នាំម្យ៉ាង ប៉ុន្ដែព្រះអង្គមិនបានផឹកទេ
24 ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកអាវមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអាវនោះ
25 ពួកគេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក
26 ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា»
27 ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28 [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29 ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
30 ចូរសង្គ្រោះខ្លួនឯង ហើយចុះពីលើឈើឆ្កាងមក»
31 ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32 ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
33 លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
34 នៅម៉ោងបីរសៀលនោះ ព្រះយេស៊ូបានស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយៗ ឡាម៉ាសាបាច់ថានី» ដែលប្រែថា៖ «ឱ ព្រះជាម្ចាស់នៃខ្ញុំអើយ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំដូច្នេះ?»
35 អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ»
36 មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់»
37 ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំង ហើយបានផុតដង្ហើមទៅ
38 ពេលនោះវាំងនននៅក្នុងព្រះវិហារក៏រហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម
39 កាលនាយទាហានម្នាក់ដែលឈរនៅជិតទល់មុខនឹងព្រះអង្គ បានឃើញព្រះអង្គបានផុតដង្ហើមយ៉ាងដូច្នេះ ក៏និយាយថា៖ «បុរសនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន»
40 មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
41 ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
42 ថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់ថ្ងៃសប្ប័ទ គឺមុនថ្ងៃសប្ប័ទមួយថ្ងៃ ហើយនៅល្ងាចនោះ
43 លោកយ៉ូសែបនៅក្រុងអើរីម៉ាថេ ជាសមាជិកឆ្នើមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកដែលរង់ចាំនគរព្រះជាម្ចាស់ បានទៅជួបលោកពីឡាត់យ៉ាងក្លាហាន ហើយសុំយកសពព្រះយេស៊ូ
44 ពេលដឹងថាព្រះអង្គសោយទិវង្គត លោកពីឡាត់ឆ្ងល់ណាស់ ក៏ហៅនាយទាហានម្នាក់មកសួរ ដើម្បីឲ្យដឹងថាតើព្រះអង្គសោយទិវង្គតមែនឬមិនមែន
45 ពេលដឹងដំណឹងពីនាយទាហាននោះហើយ គាត់ក៏ប្រគល់សពព្រះអង្គឲ្យលោកយ៉ូសែប
46 លោកយ៉ូសែបក៏ទិញសំពត់ទេសឯក ហើយដាក់សពចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះក្នុងផ្នូរដែលដាប់នៅក្នុងថ្ម ហើយគាត់បានប្រមៀលថ្មបិទច្រកចូលក្នុងផ្នូរ
47 នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
Mark 15: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.